ប៉ុនប៉ងមនុស្សឃាតដោយចេតនា ព្រោះខឹងរឿងចោទថា ចេះអំពើអាបធ្មប់ ធ្វើឲ្យម្ដាយគេស្លាប់

11-10-2018 9:45pm

ព្រះវិហារៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកគូលែន ឃាត់ខ្លួនបានភ្លាមៗ ខណៈប៉ុនប៉ងមនុស្សឃាតកើតចេញពីការខឹងសម្បារ ដោយសារចោទថា ចេះអំពើអាបធ្មប់ ។

សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ អធិការនគរបាលស្រុកគូលែន បានទទួលពាក្យបណ្តឹងពីឈ្មោះ ពៅ ដៀម ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរកសិករ រស់នៅចំណុចព្រៃវែងស្ថិតក្នុងភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បានមកដាក់ពាក្យបណ្តឹងប្តឹងចោទលើឈ្មោះ យោន អ៊ីវ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិ/ឃុំជាមួយគ្នា ក្នុងករណីប៉ុនប៉ងឃាតកម្ម កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨កន្លងទៅនេះ នៅចំណុចព្រៃវែង ភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។

ក្រោយទទួលពាក្យបណ្តឹង សមត្ថកិច្ចបានបើកការស៊ើបអង្កេត និងកោះហៅជនសង្ស័យមកសាកសួរបំភ្លឺ បន្ទាប់មកជនសង្ស័យឈ្មោះ យោន អ៊ីវ បានសារភាពថា ខ្លួនពិតជាបានយកកាំភ្លើងកែច្នៃ (កាប៊ីន) ពួនស្ទាក់ចាំបាញ់ឈ្មោះ ពៅ ដៀម តែបាញ់មិនត្រូវ ពិតប្រាកដមែន ។ មូលហេតុដែលខ្លួនហ៊ានធ្វើសកម្មភាពបែបនេះ ដោយសារឈ្មោះ ពៅ ដៀម ចោទខ្លួនថា ចេះអំពើអាបធ្មប់ធ្វើឲ្យម្តាយស្លាប់ ។

ក្រោយពីសាកសួរ ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកគូលែន និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យ ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ៕

សូមបញ្ជាក់ថា៖ វត្ថុតាងដែលសមត្ថកិច្ចប្រមូលបានមាន អាវុធកែច្នៃប្រភេទកាប៊ីន នេះទើបតែចុះរាវរកឃើញនៅក្នុងស្រះទឹក ក្នុងដីឡូតិ៍របស់ជនសង្ស័យ ខាងជើងឈៀងខាងលិចផ្ទះ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៤៥នាទីរសៀលម្សិលមិញ ៕