នាយកវិទ្យាល័យសិលាមាស ចាត់ទុកកីឡាជាមូលដ្ឋានគ្រឹះ រួមចំណែកជួយឲ្យសិស្សានុសិស្សជោគជ័យ នៅពេលអនាគត

11-10-2018 9:14pm

កីឡាៈ នាយកវិទ្យាល័យសិលាមាស បានចាត់ទុកការអប់រំផ្នែកកីឡាជាមូលដ្ឋានគ្រឹះ ជំរុញឲ្យសិស្សានុសិស្សទទួលបានជោគជ័យនាពេលអនាគត។

លោក ម៉ុន សុខជា នាយកវិទ្យាល័យសិលាមាស បានចាត់ថា ការផ្តល់ជំនាញកីឡាដល់សិស្សនៅក្នុងសាលា គឺជាស្ពានចំឡងមួយជួយឲ្យសិស្សឈានទៅរកជោគជ័យដ៏ត្រចេះត្រចង់នាពេលអនាគត។

លោកថា កីឡា បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សិស្ស ដូចជា សុខភាព ការចេះធ្វើការងារជាក្រុម មានការគិតខ្ពស់ ស្មារតីភ្លឺថ្លា ជួយឲ្យការសិក្សារីកចម្រើន ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអប្បាយមុខផ្សេងៗ។ អត្ថប្រយោជន៍ជាច្រើន ដែលទទួលបានពីតម្លៃកីឡាបែបនេះហើយ ទើបបានជំរុញឲ្យវិទ្យាល័យសិលាមាស បង្កើតទីលានស្តង់ដាមួយ ដែលបម្រើដល់ការហ្វឹកហាត់ និងការប្រកួតកីឡាជាច្រើនប្រភេទ ក្នុងទំហំទឹកប្រាក់ជាច្រើនម៉ឺនដុល្លារអាមេរិក។ ក្រៅពីទីលានកម្រិតស្តងដានេះ សាលាបានជួលគ្រូជំនាញជាច្រើននាក់ ដើម្បីបង្ហាត់បង្រៀន ធ្វើយ៉ាងណាឲ្យសិស្សទទួលបានជំនាញ និងគុណភាពពិតប្រាកដ។

លោកអះអាងថា ការចូលរួមចំណែកបណ្តុះមូលដ្ឋានគ្រឹះកីឡារបស់សាលាដល់សិស្សានុសិស្ស នឹងក្លាយជាចំណែកមួយផលិតបាននូវធនធានកីឡាករការិនីល្អៗ ចូលរួមជាមួយក្រុមជម្រើសជាតិ ប្រកួតកម្រិតថ្នាក់ជាតិ និងអន្តរជាតិ នៅពេលខាងមុខផងដែរ។

នាយកសាលារូបនេះ បញ្ជាក់ទៀតថា សាលារបស់លោក បានបណ្តុះជំនាញកីឡាដល់សិស្ស មានចាប់តាំងពីថ្នាក់បឋម រហូតដល់កម្រិតវិទ្យាល័យ ហើ ប្រភេទកីឡា ដែលសាលាជួលគ្រូជំនាញមកបង្ហាត់បង្រៀននោះ មានបាល់ទាត់ បាល់ទះ បាល់បោះ និងកីឡាវាយកូនឃ្លីលើតុ។

សូមបញ្ជាក់ថា សិស្សនារីផ្នែកបាល់ទះវិទ្យាល័យសិលាមាស បានគ្រង់តំណែងជើងឯករាជធានីភ្នំពេញ ចំនួន៦ឆ្នាំជាប់ៗគ្នា ហើយបានជាប់តំណាងឲ្យរាជធានីភ្នំពេញ ចូលរួមប្រកួតជើងឯកទូទាំងប្រទេស បានចំនួន២លើក ដោយឡើងដល់វគ្គ៨ក្រុមចុងក្រោយទាំង២ឆ្នាំ៕