អតីតម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ប៊ុន កេន្នី ចង់មានយុវជនស្នងតំណែង មុនសម្រេចចិត្តចូលនិវត្តន៍

11-10-2018 9:03pm

ភ្នំពេញៈ ហាក់ស្រពិចស្រពិលនៅឡើយ សម្រាប់កីឡាករវ័យ២៨ឆ្នាំ របស់កម្ពុជា ប៊ុន កេន្នី ក្នុងការសម្រេចចិត្តចូលនិវត្តន៍ពីវិស័យកីឡាវាយកូនបាល់ ក្រោយប្រឡូកជាង១០ឆ្នាំ។

អតីតម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ឆ្នាំ២០១៥ ខ្មែរកាត់បារាំងរូបនេះ បង្ហាញអារម្មណ៍ពិតថា ខ្លួនចង់ឃើញមានយុវជនវ័យក្មេងស្រករក្រោយបន្តវេនខ្លួន ឬអាចលេងនីស៊ីហ្គេម ២០២៣បាន ទើបរូបគេសម្រេចចូលនិវត្តពីវិស័យកីឡាមួយនេះ។

ប៊ុន កេន្នី ថ្លែងយ៉ាងដូច្នេះថា “ខ្ញុំមិនទាន់ច្បាស់ថា ខ្ញុំនៅលេងកីឡាទៀតដល់ពេលណានោះទេ។ ប្រសិនបើមានកីឡាករក្មេងៗ ល្អៗច្រើន អាចលេងតំណាងឲ្យកម្ពជា នៅក្រៅប្រទេសបាន ខ្ញុំប្រហែលជាសម្រេចឈប់ពីវិស័យកីឡាមួយនេះហើយ។ តែបើអត់ទេ ទោះស៊ីហ្គេម ២០២៣ ដែលខ្ញុំ មានវ័យដល់ទៅ៣០ឆ្នាំជាង ក៏ខ្ញុំប្រហែលជានឹងលែងតំណាងឲ្យប្រទេសកម្ពុជាដែរ”។

ប្រឡូកក្នុងវិស័យកីឡាវាយកូនបាលជាង១ទសវត្សន៍ កីឡាករដែលមានម្តាយជាជនជាតិខ្មែរ ឪពុកបារាំង ក៏ពុំមានបំណងចង់ឃ្លាតឆ្ងាយពីកីឡាមួយនេះដែរ។ បើតាម ប៊ុន កេន្នី រូបគេមានបំណងក្លាយខ្លួនជាគ្រូបង្វឹកជម្រើសជាតិ ទៅថ្ងៃមុខ ប្រសិនបើសហព័ន្ធជ្រើសរើរូបគេ។

ប៊ុន កេន្នីថា “ទោះខ្ញុំវ័យច្រើន និងពិបាកបន្តអាជីពកីឡាករវាយកូនបាល់ក្តី តែខ្ញុំក៏អត់មានបំណងចេញទៅណាផ្សេងដែរ។ ខ្ញុំមានគោលដៅមួយគឺចង់ក្លាយជាគ្រូបង្វឹជម្រើសជាតិវាយកូនបាល់បន្តទៀត ដើម្បីបានឱកាសជួយយុវជនស្រករក្រោយឲ្យបានលិចធ្លោទៅអនាគត”។

គួររំឭកថា ប៊ុន កេន្នី បានឈានជើងចូលក្នុងវិស័យវាយកូនបាល់ តាំងពីឆ្នាំ២០១០។ រយៈពេល៨ឆ្នាំមកនេះ កេន្នី បានសាងកេរ្តិ៍ឈ្មោះតាមរយៈបានចូលរួមព្រឹត្តិការណ៍អន្តរជាតិជាច្រើន និងធ្លាប់ឈ្នះមេដាយស៊ីហ្គេម ២លើកផងដែរ៕