រដ្ឋាភិបាលក្រុងប៉េកាំង គ្មានបំណងជ្រៀតជ្រែកចូលបញ្ហានយោបាយ និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក

11-10-2018 8:54pm

ចិនៈ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅថ្ងៃព្រហស្បត្តិ៍នេះថា រដ្ឋាភិបាលក្រុងប៉េកាំង គ្មានបំណងចង់ជ្រៀតជ្រែកចូលទៅក្នុងបញ្ហានយោបាយ ឬសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ម្តងណាឡើយ ហើយសង្ឃឹមថា ទីក្រុងវ៉ាស៊ីងតោន នឹងបញ្ឈប់ការស្វែងរកលេសដោះសារសម្រាប់ឯកតោភាគីនិយម និងគាំពារនិយមពាណិជ្ជកម្មរបស់ពួកគេ។

កាលពីសប្តាហ៍មុន អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ម៉ៃ ផេន បានចោទប្រកាន់ចិនថា បានប្រឹងប្រែងព្យាបាទ ដើម្បីធ្វើឲ្យអន្តរាយដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ មុនការបោះឆ្នោតសភានៅខែក្រោយ។ លោក ផេន បានចោទប្រកាន់ចិនថា កំពុងប្រើប្រាស់សេដ្ឋកិច្ចរបស់ខ្លួន ដើម្បីសម្លុតមកលើប្រទេសតូចតាចជាងខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ លោក ហ្គាវ ហ្វេង អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅក្នុងសន្និសីទកាសែតប្រចាំសប្តាហ៍ថា ចិន មិនបានចូលរួមនោះទេ ហើយក៏មិនចូលរួមនោះដែរ រឿងឈ្លានពានសេដ្ឋកិច្ចរបស់អ្នកដ៏ទៃនោះ។

គួរឲ្យដឹងថា សហរដ្ឋអាមេរិក និងចិន បានសងសឹកគ្នាជាមួយនឹងការដំឡើងតម្លៃពន្ធរាប់រយពាន់លានដុល្លារ លើទំនិញគ្នាទៅវិញទៅមក នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ អំឡុងវិវាទសង្រ្គាមពាណិជ្ជកម្មរបស់ពួកគេ ដែលធ្វើឲ្យរង្គោះរង្គើរដល់វិស័យពាណិជ្ជកម្ម និងការវិនិយោទុនសកល៕