ក្រុមហ៊ុន BMW បោះទុនជាង៤ពាន់លានដុល្លារបន្ថែមទៀត ដើម្បីបង្កើនការផលិតរថយន្ត នៅប្រទេសចិន

11-10-2018 8:02pm

ចិនៈ ក្រុមហ៊ុនផលិតរថយន្តយក្ស BMW ចង់គ្រប់គ្រងក្រុមហ៊ុនរួមគ្នារបស់ពួកគេ នៅក្នុងប្រទេសចិន ហើយពួកគេគ្រោងនឹងបោះទុនរាប់ពាន់លានអឺរ៉ូបន្ថែមទៀត លើសមត្ថភាពផលិតរបស់ខ្លួន នៅក្នុងប្រទេសមួយនេះ។

ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់មួយនេះ នឹងបោះទុន៣.៦ពាន់លានអឺរ៉ូ (ស្មើនឹង៤.១៦ពាន់លានដុល្លារ) ដើម្បីដំឡើងភាគហ៊ុនរបស់ខ្លួនឲ្យមាននៅក្នុងក្រុមហ៊ុន Brilliance Automotive ពី៥០ភាគរយ ទៅដល់៧៥ភាគរយ។

ក្រុមហ៊ុនមួយនេះដែរ នឹងវិនិយោគទុនប្រាក់ជាង៣ពាន់លានអឺរ៉ូផងដែរ ដើម្បីបង្កើនសមត្ថភាពផលិតមានស្រាប់របស់ពួកគេនៅក្នុងប្រទេសចិន។

ការសម្រេចចិត្តបែបនេះ បានកើតមានឡើង ខណៈពេលដែលមាននូវផែនការរបស់ចិន ក្នុងការបន្ធូរបន្ថយបទបញ្ជាមកលើក្រុមហ៊ុនរថយន្តបរទេសដែលកំពុងប្រតិបត្តិការនៅក្នុងទីផ្សារដ៏ធំសម្បើមរបស់ពួកគេ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនបរទេស ដែលចង់ផលិតរថយន្តនៅក្នុងប្រទេសចិន ត្រូវតែមានការរកស៊ីចូលហ៊ុនគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក ប៉ុន្តែពួកគេមិនត្រូវបានកំណត់ឲ្យគ្រប់គ្រងច្រើនជាង៥០ភាគរយ នៅក្នុងក្រុមហ៊ុននោះឡើយ៕