ព្យុះស៊ីក្លូន Titli បោកបក់មកដល់តំបន់ឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសឥណ្ឌា

11-10-2018 7:56pm

ឥណ្ឌាៈ នៅថ្ងៃព្រហស្បត្តិ៍នេះ ព្យុះស៊ីក្លូន Titli បានបោកបក់មកដល់តំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌា ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ បក់រំលើងដើមឈើ ផ្តួលរំលំបង្គោលទូរស័ព្ទ និងបង្គោលភ្លើង ជាហេតុធ្វើឲ្យពលរដ្ឋរាប់ម៉ឺននាក់ គ្មានចរន្តអគ្គិសនីប្រើប្រាស់។

ព្យុះ Titli ដែលបោកបក់ក្នុងល្បឿន១៦៥គីឡូម៉ែត្រក្នុង១ម៉ោង បានធ្វើដំណើរមកដល់រដ្ឋភាគខាងកើតអូឌីសា កាលពីព្រឹកមិញ ក្នុងនោះទីក្រុងតំបន់ឆ្នេរហ្គូប៉ាល់ពូ រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារតែព្យុះស៊ីក្លូនមួយនេះ។

មនុស្សយ៉ាងហោច៣០ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួន ចាប់តាំងពីថ្ងៃពុធមកម្ល៉េះ ចេញពីតំបន់វាលទំនាប ស្ថិតក្នុងស្រុកតាមមាត់សមុទ្រចំនួន៥កន្លែង នៅរដ្ឋអូឌីសា។ ការិយាល័យរដ្ឋបាលរដ្ឋ បាននិយាយថា ពលរដ្ឋទាំងអស់នេះ កំពុងស្វែងរកការស្នាក់អាស្រ័យបណ្តោះអាសន្នតាមទីជម្រកនានា និងនៅតាមសាលារៀន។

សូមបញ្ជាក់ថា តំបន់ឆកសមុទ្របឹងហ្គាល់ តែងតែប្រឈមនឹងព្យុះស៊ីក្លូនជាច្រើនលើកច្រើនសារក្នុងឆ្នាំនេះ ហើយព្យុះខ្លះបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរ និងបណ្តាលឲ្យមនុស្សបាត់បង់អាយុជីវិតច្រើនទៀតផង៕