បទអត្ថាធិប្បាយ ៖ តើហេតុអ្វីបានជាលោកស្រី នីគី ហាលី ចុះចេញពីតំណែងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅ UN

11-10-2018 3:13pm

អាមេរិកៈ លោកស្រី នីគី ហាលី គឺជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក របស់លោក ដូណាល់ ត្រាំ ប្រចាំនៅអង្គការសហប្រជាជាតិ បានសម្រេចចិត្តចុះចេញពីតំណែងរបស់លោកស្រីហើយ កាលពីថ្ងៃអង្គារ ជាហេតុធ្វើឲ្យមានការព្យាករណ៍ថា លោកស្រីអាចនឹងមានគម្រោងចង់គ្រប់គ្រងសេតវិមាន ដើម្បីក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកស្រ្តី លើកដំបូងគេ នៅឆ្នាំ២០២៤ខាងមុខ។

លោកស្រី ហាលី វ័យ៤៦ឆ្នាំ ដែលត្រូវបានគេចាត់ទុកថា ជាឥស្សរជនដ៏ឆ្នើមមួយរូប នៅក្នុងរដ្ឋបាលលោក ត្រាំ សម្រាប់គោលជំហរការពារឥតឈប់ឈររបស់លោកស្រី ចំពោះគោលនយោបាយ “ផលប្រយោជន៍អាមេរិកជាធំ” របស់លោកប្រធានាធិបតី នៅលើឆាកអន្តរជាតិ។

លោក ត្រាំ បានលើកឡើងថា លោកកំពុងគិតគូរចង់ឲ្យកូនស្រីរបស់លោក គឺនាង អ៊ីវ៉ាន់កា ជាអ្នកបន្តវេនជាមន្រ្តីការទូតកំពូលរបស់សហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ (UN) ដោយលោកបាននិយាយថា នាងនឹងមានសក្តានុពល សម្រាប់មុខតំណែងមួយនេះ។

លោក ត្រាំ បាននិយាយថា នាង អ៊ីវ៉ាន់កា ត្រាំ វ័យ៣៦ឆ្នាំ ដែលបច្ចុប្បន្ន គឺជាទីប្រឹក្សាជាន់ខ្ពស់របស់សេតវិមាន នឹងមានសមត្ថភាពអស្ចារ្យ និងគ្មានគូប្រៀបនៅលើពិភពលោក។ ប៉ុន្តែលោកបានទទួលស្គាល់ថា លោកនឹងប្រឈមជាមួយការចោទប្រកាន់ពីបក្ខពួកនិយម ជាក់ជាពុំខាននោះឡើយ។

ដោយឡែក អ្នកនាង អ៊ីវ៉ាន់កា ត្រាំ បានសរសេរតាម Twitter ថា អ្នកជំនួសតំណែងមិនមែនជារូបនាងនោះឡើយ។

លោកស្រី ហាលី ដែលជាអតីតអភិបាលរដ្ឋ South Carolina បានធ្វើការច្រានចោលភ្លាមៗផងដែរ ចំពោះការលើកឡើងថា លោកស្រីអាចនឹងព្យាយាមធ្វើឲ្យលោក ត្រាំ បាត់បង់អាសនៈ ក្នុងនាមជាបេក្ខភាពប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ នៅឆ្នាំ២០២០។

ពេលបង្ហាញខ្លួនជាមួយលោក ត្រាំ នៅឯសេតវិមាន លោកស្រី ហាលី បាននិយាយថា “សម្រាប់អ្នកទាំងអស់គ្ ដែលសួរខ្ញុំ ពីការបោះឆ្នោត ឆ្នាំ២០២០ ខ្ញុំនឹងមិនដណ្តើមនោះទេ សម្រាប់ឆ្នាំ២០២០។ ខ្ញុំអាចសន្យាចំពោះអ្នករាល់គ្នា នូវអ្វីដែលខ្ញុំកំពុងធ្វើនៅក្នុងយុទ្ធនាការសម្រាប់មនុស្សម្នាក់នេះ គឺលោក ត្រាំ”

លោកស្រីបន្តទៀតថា លោកស្រីពិតមានកិត្តិយសខ្លាំងណាស់ បានបម្រើការងារជាឯកអគ្គរដ្ឋទូត ប្រចាំនៅអង្គការសហប្រជាជាតិ។

លោក ត្រាំ បានចាត់ទុកលោកស្រី ហាលី ដែលជាកូនស្រីរបស់ជនអន្តោប្រវេសន៍ឥណ្ឌានោះថា ជា “មនុស្សពិសេសម្នាក់”។ លោកបាននិយាយថា លោកស្រី បានធ្វើឲ្យតួនាទីរបស់អង្គការសហប្រជាជាតិ កាន់តែចាប់អារម្មណ៍ជាងមុន ហើយលោកស្រីបានសម្រេចការងារដ៏អស្ចារ្យមួយ។ លោកបន្តថា “ប្រហែលជាលោកស្រីនឹងវិលត្រឡប់មកកាន់ការងារមួយនេះវិញ នៅពេលណាមួយ នាពេលអនាគត ក្នុងសមត្ថភាពមួយខុសប្លែកពីពេលនេះ”

លោកស្រី ហាលី បានពន្យល់ពីការចុះចេញពីតំណែងរបស់លោកស្រីថា លោកស្រីមានជំនឿជាយូរមកហើយថា ការផ្លាស់ប្តូរមុខតំណែង នឹងផ្តល់អត្ថប្រយោជន៍ដល់សាធារណជន។ លោកស្រីបន្តថា “គ្មានទេហេតុផលផ្ទាល់ខ្លួន”

មាននូវសេចក្តីរាយការណ៍ថា តួនាទីគោលនយោបាយបរទេសរបស់លោកស្រី ត្រូវបានរឹតត្បិតជាងមុន ចាប់តាំងពីការតែងតាំងរបស់លោក ម៉ៃ ផមផ្យូ ជារដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក និងលោក ចន ប៊ូលតុន ជាទីប្រឹក្សាសន្តិសុខជាតិ។ ប្រភពព័ត៌មានបានឲ្យដឹងថា បុគ្គលទាំង២នាក់នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នឹងការចាកចេញទៅរបស់លោកស្រី ហាលី។ លោក ផមផ្យូ បានជូនពរលោកស្រីឲ្យសំណាងល្អ សម្រាប់មុខងារថ្មីរបស់លោកស្រីផងដែរ។

លោកស្រី ហាលី បាននិយាយថា លោកស្រីនឹងធ្វើការងារក្នុងវិស័យឯកជន ជាកន្លែងដែលអាចរកបានប្រាក់ច្រើនជាងនេះ។

យោងតាមការបង្ហាញពីហិរញ្ញវត្ថុ ឆ្នាំ២០១៨ បានឲ្យដឹងថា លោកស្រី ហាលី បានចងការប្រាក់គេជាង១លានដុល្លារ និងជាប់បំណុលក្នុងកាតឥណទានរាប់ម៉ឺនដុល្លារបន្ថែមទៀត។ លោកស្រីមានកូនម្នាក់ រៀននៅមហាវិទ្យាល័យ និងកូនម្នាក់ទៀត ក៏ជិតចូលរៀនផងដែរ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតនេះ។

ទោះបីជាយ៉ាងណាក៏ដោយ លោក ដេវីដ អាហ្សែលរ៉ូដ អតីតទីប្រឹក្សាជាន់ខ្ពស់មួយរូប របស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាននិយាយថា លោកស្រី ហាលី បានត្រៀមខ្លួនរួចរាល់ សម្រាប់យុគសម័យក្រោយរជ្ជកាលរបស់លោក ត្រាំ ហើយច្បាស់ណាស់ថា លោកស្រីនឹងក្លាយជាបេក្ខភាពប្រធានាធិបតី របស់គណបក្សសាធារណរដ្ឋ នៅឆ្នាំ២០២៤ខាងមុខ៕