គ្រោះថ្នាក់ និងការខូចខាតទ្រង់ទ្រាយធំ កើតមានឡើង ក្រោយព្យុះកំណាច បោកបក់មកលើរដ្ឋផ្ល័ររីដា

11-10-2018 11:05am

អាមេរិកៈ ព្យុះកំណាចប្រភេទទី៤ Michael បានបោកបក់មកដល់តំបន់ក្បែរឆ្នេរម៉ិកស៊ិក ស្ថិតនៅរដ្ឋភាគអាគ្នេយ៍ផ្ល័ររីដា សហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃពុធ។

ខ្យល់បក់ល្បឿន២៥០គ.មក្នុង១ម៉ោងដែលមិនចាញ់ព្យុះប្រភេទទី៥ប៉ុន្មានទេនោះ ព្យុះកំណាច Michael គឺជាព្យុះខ្លាំងបំផុតជាប់កំណត់ត្រា ដែលបានបោកបក់មកលើតំបន់ប៉ាន់ហាន់ដល រដ្ឋផ្ល័ររីដា គឺតំបន់មួយសម្បូរដោយឆ្នេរទេសចរណ៍ដ៏ទាក់ទាញ និងភូមិដ្ឋានប្រជានេសាទនៅតាមបណ្តោយឈូងសមុទ្រម៉ិកស៊ិក។

ក្រុមអ្នកព្យាករណ៍ឧតុនិយម បានអះអាងថា ព្យុះកំណាចនេះដែរ បង្កឲ្យមានរលកសមុទ្រកម្ពស់៤.៣ម៉ែត្រ បោកមកលើឆ្នេរ និងធ្វើឲ្យកន្លែងជាច្រើននៅទូទាំងតំបន់ភាគអាគេ្នយ៍សហរដ្ឋអាមេរិក  មានភ្លៀងធ្លាក់ខ្លាំង។

ក្រុមសេវាកម្មឧតុនិយមជាតិ បានអះអាងថា នេះគឺជាស្ថានភាពដ៏គ្រោះថ្នាក់បំផុត និងគំរាមកំហែងដល់អាយុជីវិតមនុស្ស ក្រោយពីព្យុះ Michael បានវិវត្តន៍ខ្លួនពីព្យុះកំបុតត្បូងមកជាព្យុះកំណាចប្រភេទទី៤ត្រឹមរយៈពេល៤០ម៉ោងប៉ុណ្ណោះ។

សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា គិតមកទល់នឹងរសៀលថ្ងៃពុធ ផ្ទះសម្បែងប្រជាពលរដ្ឋជិត២០ម៉ឺនខ្នងនៅក្នុងរដ្ឋផ្ល័ររីដា ត្រូវបានកាត់ផ្តាច់ចរន្តអគ្គិសនី៕