សោភា ទេពី ហួសចិត្ត ក្រោយម្ចាស់ផលិតកម្ម Zone វាយប្រហារថា ក្រពើ

08-10-2018 9:38am

កម្សាន្តៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីលោក អ៊ុច រ៉ាវុឌ្ឍ ម្ចាស់ផលិតកម្ម Zone Production និងជាអ្នកផលិតបទ «អ្នកណាកែចិត្តបង?» ឲ្យតារាចម្រៀងកញ្ញា សោភា ទេពី ច្រៀង បានផ្ដល់សម្ភាសន៍ដល់បណ្ដាញសារព័ត៌មានថា នាងគឺជាក្រពើវង្វេងបឹង ក្រោយពេលលោកយកបទ «អ្នកណាកែប្រែចិត្តបង?» ដែលនាងថតឲ្យជាយូរមកហើយ ដោយមិនទាំងបានលុយកាក់មួយរៀលជាMV ហើយនាងចេញមុខបញ្ជាក់ថា នាងមិនបានកុងត្រាចូល Zone Production ស្របពេលនឹងមានការយល់ច្រលំថា នាងបានក្លាយជាតារាចម្រៀងនោះផ្លូវការ។

នាងថា ពាក្យថាក្រពើវង្វេងបឹង គឺស្មើនឹងលោក អ៊ុច រ៉ាវុឌ្ឍ បានធ្វើឲ្យនាងល្បីមកដល់ថ្ងៃនេះ ដោយសារតែលោកជ្រោមជ្រែង ប៉ុន្តែលោកបានហៅនាងច្រៀងក្រោយពេលនាងត្រូវគេស្គាល់ខ្លះៗមកហើយ លុះដល់ពេលនាងកាន់តែមានមុខក្នុងកម្មវិធី Cambodian Idol ទើបបទដែលបង្ហោះជាយូរមកហើយនោះបានកក្រើក តែបែរជាមកដៀលនាងដោយសម្ដីធ្ងន់បែបនេះ។

កញ្ញា សោភា ទេពី បានថ្លែងបញ្ជាក់ថា ក្រោយពេលនាងត្រូវបានមហាជនស្គាល់បានបន្តិចតាមរយៈការជ្រោមជ្រែងរបស់ «គ្រួសារតារាកម្ពុជា» លោក អ៊ុច រ៉ាវុឌ្ឍ ម្ចាស់ផលិតកម្ម Zone Production ក៏បានហៅនាងឲ្យជួយច្រៀងបទ «អ្នកណាកែចិត្តបង» ដោយមិនមានឲ្យលុយឲ្យកាក់នោះទេ ហើយនាងក៏សុំច្រៀងដោយសុំមិនកុងត្រាដូចគ្នា។ ប៉ុន្តែក្រោយពេលនោះបង្ហោះឡើងជិតមួយឆ្នាំ គឺមិនមានអ្នកណាស្គាល់បទនោះទេ គឺរហូតទាល់តែនាងចូលប្រលងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ ហើយគេស្គាល់នាងច្រើន ទើបបទនោះត្រូវបានស្ដាប់ ដោយលោក អ៊ុច រ៉ាវុឌ្ឍ ក៏បានផលិតកម្មចំណាយលុយ ដើម្បីឲ្យគេបានឃើញកាន់តែច្រើន។

សោភា ទេពី ថានាងហួសចិត្តដែលម្ចាស់ផលិតកម្ម Zone Production បានយកបទនោះទៅផលិតជាMV ហើយរូបនាងគ្រាន់តែប្រកាសកុំឲ្យមានការយល់ច្រលំថា នាងបានចូលកុងត្រានៅក្នុងផលិតកម្មនោះ ស្រាប់តែលោក អ៊ុច រ៉ាវុឌ្ឍ បានចោតនាងថា មិនជួយចូកជួយចែវMV ដែលលោកបានចំណាយលុយផលិត និងបានផ្ដល់បទសម្ភាសន៍ចោតនាងថា នាងគឺជាក្រពើវង្វេងបឹង ក្នុងន័យថា នាងធ្វើឲ្យប៉ះពាល់ដល់ស្នាដៃនោះ។

នាងបញ្ជាក់ថា ពាក្យក្រពើវង្វេងបឹង ដែលលោក អ៊ុច រ៉ាវុឌ្ឍ បានសំដៅមកនាង គឺនាងមិនអាចទទួលយកបាននោះទេ ដែលហាក់ដូចជារូបនាងបានល្បី និងមានគេស្គាល់មកទល់ពេលនេះ គឺដោយសារតែមួយបទដែលលោកឲ្យច្រៀង។ នាងថា ខ្លួនមិនមានគំនិតបង្ហាញប្រតិកម្មរឿងលោក អ៊ុច រ៉ាវុឌ្ឍ យកសំឡេងរបស់នាងទៅធ្វើអាជីវកម្មបែបណាទាំងអស់ សូម្បីតែក្នុងពេលច្រៀងនាងក៏មិនបានមួយរៀល តែបើគ្រាន់តែនាងប្រកាសកុំឲ្យហ្វេនៗយល់ច្រលំថា កុងត្រាចូលក្នុងផលិតកម្មដែលយកបទនាងទៅផលិតជាMV នោះក៏ខុសដែរ គឺនាងមិនអាចទទួលយកបាន។

លោក អ៊ុច រ៉ាវុឌ្ឍ ម្ចាស់ផលិតកម្ម Zone Production បានផ្ដល់បទសម្ភាសន៍ថា ហេតុផលដែលធ្វើឲ្យលោកប្រដូច សោភា ទេពី ថាជាក្រពើវង្វេងបឹង គឺដោយសារតែនាងមិនបានជួយជ្រោមជ្រែងបទនោះ ដែលលោកខំប្រឹងចំណាយលុយធ្វើឲ្យល្បី ហើយបែរជាប្រកាសបដិសេធក្រោយចេញជា MV ធ្វើឲ្យប៉ះពាល់ដល់បទរបស់ខ្លួន។ យ៉ាងណាក៏ដោយលោកលើកឡើងរបស់លោក ត្រូវបានតារាសិល្បៈភាគច្រើនដែលបានបញ្ចេញទស្សនៈពិភាក្សាគ្នាក្នុងគ្រុប រិះគន់ពេញទំហឹង ជាពិសេស នៅពេលដឹងថា បទចម្រៀងមួយបទនោះ ភាគី សោភា ទេពី ច្រៀងឲ្យមិនបានទាំងមួយសេន និងអត្ថប្រយោជន៍ ក្នុងពេលដែលផលិតកម្មមានសិទ្ធិធ្វើអាជីវកម្មលើបទនោះ ដើម្បីមុខមាត់ផលិតកម្មខ្លួនយ៉ាងពេញទំហឹង ខណៈដែលការពិត​ម្ចាស់ផលិតកម្មទោះជាអ្នក​​​​ចាយលុយផលិត ក៏ត្រូវសុំសិទ្ធិ​សាមីខ្លួនមុន​​ធ្វើអាជីវកម្ម និងត្រូវបែងចែកផលប្រយោជន៍ផង ប្រសិនបើ​បទនោះ​​​ក្រោយពេល​បង្ហោះ​អាចទាញចំណូលបានពីយូធូប៕