រឿង «មន្តស្នេហ៍ អនុសេនីយ៍» បិទបញ្ចប់ការថត ក្រោមការជប់លៀងជួបជុំតារាមួយចំនួន

07-10-2018 9:10am

ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី៦ តុលា ក្រុមការងារផលិតភាពយន្តភាគ រឿង«មន្តស្នេហ៍ អនុសេនីយ៍»របស់ប៉ុស្ដិ៍លេខ៥ បានធ្វើពិធីបញ្ចប់ការថតរបស់ខ្លួនយ៉ាងអធឹកអធម ដោយធ្វើពិធីជប់លៀងជួបជុំតួសម្ដែង ផលិតករ និងក្រុមការងារនៅភោជនីយដ្ឋានទន្លេបាសាក់២។ ប៉ុន្តែភាពយន្តមួយនេះ បែរជាត្រូវបានប្រកាសថា រហូតដល់អំឡុងខែ២ ឆ្នាំ២០១៩ ទើបដាក់ផ្សាយជាផ្លូវការ។

លោក ហួង តារាមុន្នី ប្រធានផលិតកម្មវិធីប្រចាំនៅប៉ុស្ដិ៍លេខ៥ បានអះអាងថា បើទោះជាភាពយន្តរឿង«មន្តស្នេហ៍ អនុសេនីយ៍» ត្រូវបានបញ្ចប់សកម្មភាពក្នុងការថតនៅក្នុងពេលនេះ ក៏តារាងដាក់បញ្ចាំងភាពយន្តនេះនៅប៉ុស្ដិ៍លេខ៥ គឺកំណត់ដាក់ផ្សាយនៅក្នុងម៉ោងមាស រហូតដល់ខែកុម្ភៈក្នុងឆ្នាំក្រោយ ដោយសារតែក្រុមការងារផលិត ត្រូវការកាត់ត និងដំឡើងពន្លឺ ដំឡើងសំឡេង ដោយប្រើរយៈពេលយូរទៀត។ លោកថា ភាពយន្តនេះ គឺជារឿងដែលនិយាយស្ទើរទាំងស្រុង ពាក់ព័ន្ធនឹងសកម្មភាពរបស់កងយោធពលខេមរៈភូមិន្ទ ដោយនេះក៏ជាការងារដំបូងរបស់ក្រុមការងារផលិតផងដែរ ដែលត្រូវចំណាយពេលច្រើនថតនៅក្នុងបន្ទាយ ហើយជាការងារដែលធ្វើអោយតួសម្ដែងប្រឈមនឹងការលំបាកបំផុត ជាពិសេសគឺត្រូវចំណាយពេលហ្វឹកហាត់ពាក់ព័ន្ធនឹងទាហាន មុននឹងចេញថត។

លោកកោតសរសើរចំពោះតួសម្ដែង និងក្រុមការងារ ដែលតស៊ូថតបញ្ចប់រឿងនេះបានដោយជោគជ័យ ដោយលោករំពឹងថាក្រោយពេលកាត់តរួចរាល់ គឺប៉ុស្ដិ៍លេខ៥នឹងទទួលបានភាពយន្តមួយដ៏ល្អនៅពេលចាក់ផ្សាយនៅដើមឆ្នាំ២០១៩ខាងមុខ។

ភាពយន្តនេះ រំពឹងថា នឹងទទួលបានជោគជ័យខ្ពស់ ជាពិសេសក្នុងពេលក្រុមការងារផលិតក៏មានពេលច្រើនខែ ដើម្បីកាត់ត និងដំឡើងបច្ចេកទេសអោយបានល្អ ទម្រាំដល់ពេលដាក់ផ្សាយនៅដើមឆ្នាំក្រោយ៕