កីឡាករកូនហ្គោលកម្ពុជា មិនអាចក្រសោប​បានពាន តែទទួលបានបទពិសោធន៍ បច្ចេកទេសល្អច្រើនមកចែករំលែក នៅកម្ពុជា

06-10-2018 12:15pm

ភ្នំពេញៈ អត្តពលិកកីឡាវាយកូនហ្គោលកម្ពុជា អះអាងថា ទោះបីការប្រជែងក្នុងពានBridgestone ASAIN Amateur Open វគ្គផ្តាច់ព្រ័ត្រពុំទទួលបានលទ្ធផលល្អ តែទទួលបានបទពិសោធន៍ល្អៗជាច្រើននាំមកកម្ពុជា ដើម្បីទុកចែករំលែកដល់យុវជន។

ការប្រកួតកីឡាវាយកូនហ្គោល Bridgestone ASAIN Amateur Open វគ្គផ្តាច់ព្រ័ត្រ ដែលដំណើរការរយៈពេល២ថ្ងៃ នៅប្រទេសម៉ាឡេស៊ី បានបញ្ចប់ការប្រកួតផ្លូវការហើយ កាលពីយប់ថ្ងៃទី៥ ខែតុលា ម្សិលមិញ ក្រោយពីប្រកួតប្រជែងយ៉ាងស្វិតស្វាញ។

សម្រាប់ការចូលរួមប្រកួតរយៈពេល២ថ្ងៃនេះ អត្តពលិកកីឡាវាយកូនហ្គោលកម្ពុជាពុំទទួលបានលទ្ធផលគាប់ប្រសើរដូចជាការរំពឹងទុកនោះទេ ពោលគឺកីឡាករកម្ពុជាយើងហាក់មានគំលាតបច្ចេកទេសនៅឆ្ងាយចាំបាច់ត្រូវតែពង្រឹងបន្ថែម ដើម្បីចូលរួមប្រជែងដណ្តើមបានលទ្ធផលល្អនៅពេលក្រោយ។

លោក កេម សំរេច បានពន្យល់ថា អ្វីដែលធ្វើអោយកីឡាករកម្ពុជាយើងប្រជែងមិនបានលទ្ធផលល្អនៅក្នុងព្រឹត្តិការណ៍ប្រកួតនេះ មកពីក្តាជាច្រើនដូចជា ការសំរាកមិនបានគ្រប់គ្រាន់ ទីលានប្រកួតមានសណ្ឋានភាពលំបាកជាងនៅកម្ពុជា ហើយអ្វីដែលសំខាន់ គឺ បទពិសោធន៍ និងបច្ចេកទេសចូលរួមក្នុងព្រឹត្តិការណ៍នេះពួកគេបានចូលរួមមុនកម្ពុជា។

ដោយឡែកកីឡាករ ស៊ុយ សេដ្ឋា បានលើកឡើងថា លទ្ធផលចាញ់ឬឈ្នះវាមិនមានអ្វីដែលធ្វើឲ្យលោកសោកស្តាយនោះទេ ព្រោះការចូលរួមលើកទី១របស់កីឡាករកូនហ្គោលកម្ពុជា គឺក្រេបជញ្ជក់បាននូវបទពិសោធន៍ និងបច្ចេសទេសលេងល្អៗជាច្រើន ដើម្បីនាំយកទៅចែករំលែកដល់កីឡាករកូនហ្គោលកម្ពុជា ពិសេសយុវជនវ័យក្មេង។

ចំពោះព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលកម្រឹតអាស៊ាននេះ អត្តពលិកកម្ពុជាបានទៅចូលរួមលើកទី១នេះ គឺចង់ផ្សារភ្ជាប់នូវទំនាក់ទំនងសាមគ្គីភាព មិត្តភាព ពិសេសគឺចង់ផ្សព្វផ្សាយពីសក្តានុពលកីឡាវាយកូនហ្គោលនៅកម្ពុជាទៅកាន់ឆាកអន្តរជាតិ ហើយក៍រួមចំណែកដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អោយមកកំសាន្តប្រទេសកម្ពុជា តាមរយៈការទទួលព្រឹត្តិការណ៍Bridgestone ASAIN Amateur Openវគ្គផ្តាច់ព្រ័ត្រដែលរៀបចំនៅកម្ពុជា ។

ព្រឹត្តិការណ៍ Bridgestone ASAIN Amateur Openវគ្គផ្តាច់ព្រ័ត្រដែលរៀបចំដោយប្រទេសម៉ាឡេស៊ីនេះមាន៥ប្រទេសចូលរួមប្រកួតប្រជែង សរុបកីឡាករជាង១០០នាក់ ក្នុងនោះកម្ពុជាបញ្ជូនកីឡាករ៥រូបចូលរួមប្រកួតប្រជែងមានដូចជា លោក លីគា កីឡាករ ស៊ុយសេដ្ឋា កេម សំរេច លោក ឆេង ហេង និងលោក មៀចដេវីត៕