កំណើនសេដ្ឋកិច្ច នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅតែរឹងមាំ ទោះដើម្បីមានភាពអសន្តិសុខពិភពលោក កើនឡើងក៏ដោយ

04-10-2018 1:49pm

ភ្នំពេញៈ យោងតាមរបាយការណ៍សេដ្ឋកិច្ចប្រចាំតំបន់ចុងក្រោយរបស់ធនាគារពិភពលោក (World Bank) នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ បានបង្ហាញថា ទោះបីជាបរិយាកាសខាងក្រៅ មានអំណោយផលតិចតួចក្តី ក៏កំណើនសេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ត្រូវបានគេព្យាករណ៍ថា នៅតែមានភាពល្អប្រសើរដដែល។

កំណើនសេដ្ឋកិច្ច ក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ត្រូវបានគេរំពឹងថា នឹងមានចំនួន៦,៣ភាគរយ ក្នុងឆ្នាំ២០១៨ ទាបជាងឆ្នាំ២០១៧ ដោយសារតែកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នៅបន្តកើនឡើងក្នុងកម្រិតមធ្យម ស្របពេលសេដ្ឋកិច្ចរបស់ខ្លួន កំពុងបន្តមានតុល្យភាពឡើងវិញ។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក របស់ធនាគារពិភពលោក ចេញផ្សាយក្នុងខែតុលា ឆ្នាំ២០១៨ ដែលមានចំណងជើងថា ភាពមិនប្រាកដនិយម ក្នុងដំណើរបត់បែន បានបង្ហាញឲ្យដឹងដែរថា ប៉ុន្មានខែថ្មីៗនេះ ការកើតឡើងព្រមគ្នានៃភាពតានតឹងផ្នែកពាណិជ្ជកម្ម អត្រាការប្រាក់នៅអាមេរិក កើនឡើងកាន់តែខ្ពស់ ប្រាក់ដុល្លារអាមេរិក កាន់តែល្អប្រសើរជាងមុន និងអស្ថេរភាពនៃទីផ្សារហិរញ្ញវត្ថុ នៅប្រទេសកំពុងអភិវឌ្ឍជាច្រើន បានបង្កើនឲ្យមានប៉ះពាល់ដល់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់តំបន់នេះ។ ស្របពេលជាមួយគ្នានេះដែរ អតិផរណាបានចាប់ផ្តើមកើនឡើងក្នុងតំបន់ ជាពិសេសនៅប្រទេសមីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម។

លោកស្រី វិចតូរៀ ក្វាក្វា អនុប្រធានធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា “កំណើនសេដ្ឋកិច្ច ដែលមានសភាពរឹងមាំ បាន និងកំពុងបន្តក្លាយជាកូនសោគន្លឹះមួយ សម្រាប់កាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះក្នុងតំបន់នេះ។ ការការពារនិយម និងអស្ថេរភាពនៅក្នុងទីផ្សារហិរញ្ញវត្ថុ អាចប៉ះពាល់ដល់លទ្ធភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ចរយៈពេលមធ្យម ជាមួយនឹងផលវិបាកធ្ងន់ធ្ងរ សម្រាប់ប្រជាពលរដ្ឋក្រីក្រតោកយ៉ាក និងងាយរងគ្រោះបំផុត។ នេះគឺជាពេលវេលាមួយ សម្រាប់អ្នកតាក់តែងគោលនយោបាយនានា នៅទូទាំងតំបន់នេះ ដើម្បីបន្តយ៉ាងប្រុងប្រយ័ត្ន និងបង្កើនការត្រៀមបង្ការ និងភាពធន់នៃប្រទេសរបស់ខ្លួន”។

គេរំពឹងថា កំណើនសេដ្ឋកិច្ចចិន នឹងកើនឡើងយឺតៗ ក្នុងកម្រិតមធ្យមដល់៦,៥ភាគរយ នៅឆ្នាំ២០១៨ បន្ទាប់ពីមានការរីកលូតលាស់លឿនជាងការរំពឹងទុកក្នុងឆ្នាំ២០១៧។ កំណើនសេដ្ឋកិច្ច នៅបណ្តាប្រទេសកំពុងអភិវឌ្ឍក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មិនរាប់បញ្ចូលប្រទេសចិន ត្រូវបានគេរំពឹងថា នៅរក្សាបានលំនឹងក្នុងកម្រិត៥,៣ភាគរយ ចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០ ដែលកំណើននេះ កើនឡើងជាចំបងដោយសារមានតម្រូវការក្នុងស្រុក។

កំណើនសេដ្ឋកិច្ចរបស់ប្រទេស ដែលមានទំហំសេដ្ឋកិច្ចតូចៗ នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅតែមានភាពរឹងមាំក្នុងកម្រិតមធ្យមជាង៦ភាគរយ ប្រចាំឆ្នាំ សម្រាប់ប្រទេសកម្ពុជា ឡាវ ម៉ុងហ្គោលី និងមីយ៉ាន់ម៉ា ក្នុងចន្លោះ ពីឆ្នាំ២០១៨-២០២០។

លោក ស៊ុឌៀ សេតទី ប្រធានសេដ្ឋកិច្ចវិទូធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា “ការធ្វើសមាហរណកម្មតំបន់ និងពិភពលោក នៃប្រទេសភាគច្រើននៅក្នុងតំបន់នេះ ជួយពង្រឹងភាពងាយរងគ្រោះរបស់ប្រទេសទាំងនេះ ទៅនឹងផលប៉ះពាល់ពីកត្តាខាងក្រៅ។ ហានិភ័យសំខាន់ៗ ដែលអាចកើតមានឡើងចំពោះកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ដែលកំពុងបន្តកើនឡើង រួមមាន ការកើនឡើងនៃការការពារនិយម កំណើននៃអស្ថិរភាពទីផ្សារហិរញ្ញវត្ថុ និងទំនាក់ទំនងជាមួយភាពងាយរងគ្រោះផ្នែកសារពើពន្ធ និងហិរញ្ញវត្ថុក្នុងស្រុក”។

លោកបន្ថែមទៀតថា “ក្នុងបរិបទនៃការកើនឡើងហានិភ័យនេះ ប្រទេសកំពុងអភិវឌ្ឍនានា ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចាំបាច់ត្រូវប្រើប្រាស់នូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ត្រៀមបង្ការ និងគោលការណ៍រចនាសម្ព័ន្ធ ដែលមាន ដើម្បីកាត់បន្ថយផលប៉ះពាល់ពីកត្តាខាងក្រៅ និងបង្កើនអត្រាកំណើនដែលមានសក្តានុពល”៕