ក្រុមបេសកកម្ម Article IV របស់ IMF ៖ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១៨ មានភាពល្អប្រសើរ

03-10-2018 4:30pm

ភ្នំពេញៈ ក្រុមបេសកកម្ម Article IV បានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅឆ្នាំ២០១៨ មានភាពល្អប្រសើរ ដោយកំណើនសេដ្ឋកិច្ច នឹងស្ថិតក្នុងអត្រា៧.២៥% ព្រមជាមួយនឹងអត្រាអតិផរណាមានកម្រិតទាបត្រឹម២,៥% ហើយវិស័យសារពើពន្ធ ក៏មានភាពរឹងមាំ ជាពិសេសការប្រមូលចំណូល និងការគ្រប់គ្រងបំណុលសាធារណៈ។

កិច្ចប្រជុំបូកសរុបការងារតាមដានវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដោយក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុពិភពលោក (IMF) សម្រាប់ឆ្នាំ២០១៨ កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច លោក Jarkko Turunen ជាប្រធានក្រុមបេសកកម្ម បានដឹកនាំក្រុមការងារចុះតាមដានវាយតម្លៃពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ចាប់ពីថ្ងៃទី១៩ ខែកញ្ញា រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨។

លោកថា ស្ថិតក្នុងបរិការណ៍នេះ សេដ្ឋកិច្ចកម្ពុជា កំពុងស្ថិតក្នុងគន្លងដ៏ត្រឹមត្រូវឆ្ពោះទៅរកការរីកចម្រើន ស្របពេលដែលរចនាសម្ព័ន្ធសេដ្ឋកិច្ច កំពុងរីកចម្រើនជាបណ្តើរៗ ហើយប្រាក់ចំណូលប្រជាជនក៏បានបន្តកើនឡើង និងភាពក្រីក្រត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។

លោកបន្តថា ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់នេះ គឺបានដោយសារកត្តា២ធំៗ ទី(១)-ភាពរឹងមាំនៃតម្រូវការទីផ្សារបរទេស លើទំនិញនាំចេញរបស់កម្ពុជា និងទី(២)-ការអនុវត្តគោលនយោបាយវត្ថារកម្មថវិកា របស់រាជរដ្ឋាភិបាល ដែលផ្តោតលើការវិនិយោគលើវិស័យសង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ជាវិស័យដែលបម្រើដល់ការបង្កើនផលិតភាពរបស់សេដ្ឋកិច្ច.

ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា ក្នុងរយៈពេលមធ្យម កម្រិតនៃកំណើនសេដ្ឋកិច្ចនេះ អាចប្រឈមនឹងហានិភ័យធំៗ ទាំងខាងក្នុង និងខាងក្រៅមួយចំនួន ដូចជា (១). កំណើនឥណទាននៅតែស្ថិតក្នុងកម្រិតខ្ពស់ ហើយប្រមូលផ្តុំលើវិស័យអចលនទ្រព្យ និងនៅពឹងផ្អែកលើមូលធនពីខាងក្រៅ, (២). កំណើនសម្ពាធលើថវិកាជាតិ ទាំងផ្នែកចំណូល និងចំណាយ, (៣). និន្នការនៃការអនុវត្តគោលនយោបាយពាណិជ្ជកម្មគាំពារនិយម និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក និង(៥). ការថមថយនៃកំណើនសេដ្ឋកិច្ចពិភពលោក ពិសេសប្រទេសចិន ដែលអាចមានឥទ្ធិពលលើការវិនិយោគពីក្រៅស្រុក (FDI) មកកម្ពុជា។

ស្ថិតក្នុងទិដ្ឋភាពនេះ ជាការព្យាករណ៍ទៅមុខ លោក Jarkko បានសង្កត់ធ្ងន់ថា កម្ពុជា មានលទ្ធភាពបន្តរក្សាកំណើននេះ ក្នុងកម្រិត៧% សម្រាប់រយៈពេលមធ្យមក្នុងលក្ខខ័ណ្ឌ ដែលកម្ពុជា បន្តជំរុញឲ្យកាន់តែស៊ីជម្រៅលើការកែទម្រង់ជារចនាសម្ព័ន្ធ ជាពិសេសលើផ្នែកសារពើពន្ធ និងអភិបាលកិច្ច ព្រមទាំងការបន្តបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា និងធនធានមនុស្ស។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការ វង្សី វិស្សុត បានថ្លែងអំណរគុណ និងបានកោតសរសើចំពោះការងារវាយតម្លៃរបស់ក្រុមបេសកកម្ម Article IV ចំពោះការបន្តគាំទ្រ និងកិច្ចសហការល្អក្នុងការចុះមកធ្វើការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ជាទៀងទាត់ ហើយផ្តល់ជាអានុសាសន៍គោលនយោបាយ ក្នុងន័យជួយតម្រង់ទិសក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ជាពិសេសសម្រាប់បម្រើដល់ការអនុវត្តគោលនយោបាយចតុកោណដំណាក់កាលទី៤ ឲ្យមានប្រសិទ្ធភាព ដើម្បីសម្រេចគោលដៅឲ្យកម្ពុជា ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងឈានទៅជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។

នៅក្នុងអង្គប្រជុំ ក៏បានធ្វើការពិភាក្សាដេញដោលជាមួយក្រុមបេសកកម្មរបស់ IMF ផងដែរ ចំពោះការលើកឡើង និងអនុសាសន៍គោលនយោបាយមួយចំនួន របស់ IMF ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងរបស់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការគិតគូររបស់រាជរដ្ឋាភិបាល៕