ក្រុមមន្រ្តីសុខាភិបាល ព្រួយបារម្ភខ្លាំង ពេលជំងឺគ្រុនផ្តាសាយជ្រូក រីករាលដាលឆ្លងដល់អាស៊ី និងអឺរ៉ុប

02-10-2018 5:55pm

បរទេសៈ ក្រុមមន្រ្តីសុខាភិបាលសកល កំពុងត្រៀមខ្លួនទប់ទល់នឹងជំងឺគ្រុនផ្តាសាយជ្រូក ដែលបានរីករាលដាលឆ្លងតាមរយៈសត្វជ្រូកឆ្លងកាត់ព្រំដែនចាប់តាំងពីឆ្នាំ២០១៤ រហូតមក ចូលដល់អឺរ៉ុបខាងលិច កាលពីសប្តាហ៍មុន ។

យោងតាមសេចក្តីរាយការណ៍ពីអង្គការសុខភាពសត្វ ពិភពលោក បានឲ្យដឹងកាលពីសប្តាហ៍មុនថា មនុស្សត្រូវបានគេសង្ស័យថា ធ្វើឲ្យមានការរីករាលឆ្លងវីរុសជំងឺគ្រុនផ្តាសាយជ្រូក កាលពីពេលថ្មីៗកន្លងទៅនេះ នៅប្រទេសបែលហ្ស៊ិក ជាកន្លែងដែលករណីឆ្លង៨លើក ត្រូវបានគេប្រកាសឲ្យដឹង គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា កន្លងទៅ ។

យោងតាមអះអាងរបស់អង្គការមួយនេះ បានឲ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ ករណីឆ្លងថ្មីបំផុត ត្រូវបានគេរាយការណ៍ថា កើតមាននៅថ្ងៃទី២៥ ខែកញ្ញា នៅក្នុងផ្ទះកាប់ជ្រូកជនជាតិចិន ស្ថិតនៅទីក្រុងហូហូត គឺជារដ្ឋធានីនៃតំបន់ស្វយ័ត ម៉ុងហ្គាលី ខាងក្នុង ។ មាននូវការរីករាលដាលឆ្លង២៩ករណី នៅក្នុងប្រទេសចិន ចាប់តាំងពីករណីលើកដំបូង ត្រូវបានគេរាយការណ៍នៅថ្ងៃទី៣ ខែសីហា កន្លងទៅ។ ចិនបានសម្លាប់ជ្រូកចោលអស់៤ម៉ឺនក្បាល ដើម្បីឆ្លើយតបនឹងការរីករាលឆ្លងជំងឺគ្រុនផ្តាសាយជ្រូកនេះ។

វីរុសនៃជំងឺគ្រុនផ្តាសាយជ្រូក បានទៅដល់ប្រទេសចិនក្នុងរដូវក្តៅនេះ ហើយនិងទៅដល់អឺរ៉ុបខាងលិច ជាលើកដំបូងកាលពីខែកញ្ញា ដែលជាការរីករាលដាលដំណាលគ្នាដាច់ដោយឡែកមួយ ជាហេតុធ្វើឲ្យក្រុមមន្រ្តីសុខាភិបាលសកល ចាប់ផ្តើមមានក្តីកង្វល់យ៉ាងខ្លាំង ។

មកទល់នឹងថ្ងៃសុក្រសប្តាហ៍មុន ប្រទេសបែលហ្ស៊ិក បានសម្លាប់ជ្រូកស្រុកអស់៤ពាន់ក្បាល នៅតំបន់ អេតាឡេ ។ ប្រទេសចំនួន១៣ ត្រូវបានគេហាមប្រាមពីការនាំចូលសាច់ជ្រូកពីបែលហ្ស៊ិក ក្នុងនោះរួមមានកោះតៃវ៉ាន់, កូរ៉េខាងត្បូង, ស៊ែប, សិង្ហបូរី, ចិន, បេឡារូស, អូស្រ្តាលី, ជប៉ុន, ហ្វីលីពីន, ម៉ិកស៊ិក, អ៊ុយរូហ្គាយ, ម៉ាឡេស៊ី និងឥណ្ឌា ៕