៨៥ភាគរយ នៃអ្នកលក់បារី ទទួលវត្ថុប្រើប្រាស់ និងបារី ជាថ្នូរនឹងការផ្សាយពាណិជ្ជកម្មបារី

01-10-2018 11:01am

ភ្នំពេញៈ ដេប៉ាតឺម៉ង់ចិត្តវិទ្យា​ បានអះអាងថា​ ៨៥ភាគរយ នៃអ្នកលក់បារី បានទទួលវត្ថុប្រើប្រាស់ និងបារី ជាថ្នូរនឹងការផ្សាយពាណិជ្ជកម្មបារី​ ដើម្បីផ្សព្វផ្សាយលក់ផលិតផលថ្នាំជក់ (បារី) និងជំរុញការលក់នេះឲ្យមានសន្ទុះកាន់តែខ្លាំង។ ស្ទើរតែគ្រប់ក្រុមហ៊ុនថ្នាំជក់ទាំងអស់ក្នុងប្រទេសកម្ពុជា បានផ្តល់រង្វាន់លើកទឹកចិត្តដល់អ្នកលក់បារី ដូចជាប្រាក់ឧបត្ថម្ភ សម្ភារៈប្រើប្រាស់ វត្ថុអនុស្សាវរីយ៍ បារី និងការលើកទឹកចិត្តដទៃទៀត។

លោក កៅ​ សុវណ្ណ​តារា​ អ្នកស្រាវជ្រាវ នៃដេប៉ាតឺម៉ង់ចិត្តវិទ្យា បានលើកឡើងថា​ ការអង្កេតមួយដែលធ្វើឡើងដោយដេប៉ាតឺម៉ង់ចិត្តវិទ្យា នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ សហការជាមួយអង្គការសុខភាពពិភពលោក និងអង្គការចលនាដើម្បីសុខភាពកម្ពុជា​ ថា​ ៨៥% នៃអ្នកលក់បារី បានទទួលវត្ថុប្រើប្រាស់ និងបារី ជាថ្នូរនឹងការផ្សាយពាណិជ្ជកម្មបារី និងការតាំងកញ្ចប់បារីឲ្យមានការទាក់ទាញអតិថិជន។

ជាពិសេស​វត្ថុប្រើប្រាស់ទាំងនេះ មានដូចជា ឆ្នាំងដាំបាយ Power Bank ប្រតិទិន ដែកកេះ និងអាវយឺតជាដើម។ អ្នកលក់បារីមួយចំនួនទៀត បានទទួលពីភ្នាក់ងារក្រុមហ៊ុនថ្នាំជក់ ជាបារីចាប់ពី២កញ្ចប់ រហូតដល់៤សុង(៤០កញ្ចប់)។ រីឯអ្នកលក់បារីខ្លះទៀត បានទទួលជាប្រាក់ចាប់ពី៥ដុល្លារ រហូតដល់៣០ដុល្លារ ជាថ្នូរនឹងការឲ្យពួកគាត់ផ្សព្វផ្សាយម៉ាកបារីរបស់ក្រុមហ៊ុនពួកគេដល់អតិថិជន ដែលមកទិញបារីនៅកន្លែងគាត់ផ្ទាល់ ក៏ដូចជាធ្វើយ៉ាងណាឲ្យពួកគាត់ (អ្នកលក់បារី) ព្យាយាមជួយជំរុញការលក់បារីរបស់ក្រុមហ៊ុនគេឲ្យដាច់ជាងមុនបន្ថែមទៀត។

ជាមួយគ្នានេះ លោក​ មុំ​ គង់​ នាយកប្រតិបត្ដិអង្គការចលនាដើម្បីសុខភាពកម្ពុជា​ បានបញ្ជាក់ថា គ្មានរបាយការណ៍ច្បាស់លាស់ណាមួយអាចបញ្ជាក់ថា ក្រុមហ៊ុនថ្នាំជក់ទាំងឡាយក្នុងប្រទេសកម្ពុជា បានចំណាយលុយប៉ុន្នានទៅលើការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហកម្មថ្នាំជក់នោះឡើយ។ ចាប់តាំងពីប្រទេសកម្ពុជា បានអនុម័តច្បាប់ ស្តីពីការគ្រប់គ្រងផលិតផលថ្នាំជក់ នៅឆ្នាំ២០១៥ ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហកម្មថ្នាំជក់ ត្រូវបានហាមឃាត់ទាំងស្រុងនោះ។

លោកបន្ដថា​ ជាការឆ្លើយតបឧស្សាហកម្មថ្នាំជក់ទាំងនេះ បានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ដោយបង្វែរថវិកាពីការផ្សាយពាណិជ្ជកម្មបារី មកជាការផ្តល់រង្វាន់លើកទឹកចិត្តដល់អ្នកលក់បារីវិញម្តង ក្នុងគោលបំណងដូចគ្នា គឺបង្កើនការលក់ផលិតផលថ្នាំជក់របស់ខ្លួនឲ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់។

យោងតាមរបាយការណ៍ នៃការអង្កេតនេះ បច្ចុប្បន្នក្រុមហ៊ុនថ្នាំជក់មួយចំនួន នៅតែបំពានច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដោយបន្តផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ការផ្សព្វផ្សាយលក់ផលិតផលថ្នាំជក់របស់ខ្លួន ដែលជាឧបសគ្គរារាំងដល់ការកាត់បន្ថយចំនួនប្រជាពលរដ្ឋ ដែលស្លាប់ ពិការ និងកើតជំងឺបណ្ដាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់។

ដើម្បីដោះស្រាយបញ្ហានេះ យន្តការផាកពិន័យដល់ក្រុមហ៊ុនថ្នាំជក់ តាមការចង្អុលបង្ហាញរបស់ច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ជាវិធានការដ៏មានប្រសិទ្ធភាពបំផុត៕