អង់គ្លេស នឹងត្រូវខាតបង់ទឹកប្រាក់៦៥០លានដុល្លារ រៀងរាល់សប្ដាហ៍ ក្រោយចាកចេញពីអឺរ៉ុប

01-10-2018 8:36am

ឡុងដ៏ៈ សារព័ត៌មានរ៉យទ័រផ្សាយថា តាមការស្រាវជ្រាវ ដែលបានប្រកាសកាលពីថ្ងៃទី៣០ ខែកញ្ញា បានបញ្ជាក់ថា ការសម្រេចរបស់អង់គ្លេស ក្នុងការចាកចេញពីអឺរ៉ុប ដែលហៅថា “Brexit” ធ្វើឲ្យរដ្ឋាភិបាលអង់គ្លេស ត្រូវខាតបង់ទឹកប្រាក់រហូតដល់ទៅ៥០០លានផោន ក្នុងមួយសប្តាហ៍ ឬស្មើ៦៥០លានដុល្លារអាមេរិក។

មជ្ឈមណ្ឌលកែទម្រង់អឺរ៉ុប CER ដែលមានក្រុមឯកទេសស្រាវជ្រាវពីអឺរ៉ុប បានឲ្យដឹងថា បើប្រៀបធៀបជាមួយសេដ្ឋកិច្ចអង់គ្លេស នៅក្នុងករណីបើពលរដ្ឋអង់គ្លេស ជ្រើសរើសបន្តរួមរស់ជាមួយអឺរ៉ុប ប្រទេសនេះ មិនត្រូវខាតបង់ជាច្រើននោះឡើយ។

តាមរបាយការណ៍ CER អង់គ្លេស ត្រូវខាតបង់រហូតដល់ទៅ២៦ពាន់លានផោន ក្នុងមួយឆ្នាំ ស្មើរនឹង៥០០លានផោន ក្នុងមួយសប្តាហ៍ ហើយតួលេខនេះ នៅតែបន្តកើនឡើងថែមទៀត។

ប៉ុន្តែក្រុមអ្នកគាំទ្រ Brexit បានបញ្ជាក់ថា អង់គ្លេស នឹងទទួលបានផលប្រយោជន៍យូរអង្វែង ដោយពឹងផ្អែកទៅលើច្បាប់ដាច់ដោយឡែករបស់ខ្លួន ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសមានសេដ្ឋកិច្ច រីកចម្រើន ក្នុងនោះ មានឥណ្ឌា និងចិនជាដើម៕