ជំងឺគ្រុនផ្តាសាយ សម្លាប់មនុស្ស៨ម៉ឺននាក់ នៅទូទាំងសហរដ្ឋអាមេរិក កាលពីរដូវរងារមុន

27-09-2018 6:35pm

អាមេរិកៈ យោងតាមរបាយការណ៍ពីមន្ទីរការពារ និងគ្រប់គ្រងជំងឺសហរដ្ឋអាមេរិក ឬហៅកាត់ថា CDC បានឲ្យដឹងថា ពលរដ្ឋអាមេរិកប្រមាណជា៨ម៉ឺននាក់ បានស្លាប់ដោយសារជំងឺគ្រុនផ្តាសាយ និងជំងឺហត់ កាលពីរដូវរងារមុន ដែលនេះមានន័យថា វាគឺជារដូវកាលស្លាប់មនុស្សច្រើនបំផុត នៅក្នុងរយៈពេលជាង៤ទសវត្សរ៍កន្លងមកនេះ ចាប់តាំងពីឆ្នាំ១៩៧៦រហូតមក។

កាលពីរដូវកាលមុនៗ ការស្លាប់ពាក់ព័ន្ធនឹងជំងឺគ្រុនផ្តាសាយ មានចាប់ពីចំណុចទាប ប្រហែលជា១២.០០០នាក់ អំឡុងរដូវកាល ២០១១-១២ រហូតដល់ចំណុចខ្ពស់ប្រហែលជា៥៦.០០០នាក់ អំឡុងរដូវកាល២០១២-១៣។

លោកស្រី គ្រីស្តេន ណ័ដលុន គឺជាស្រ្តីនាំពាក្យរបស់ CDCបាននិយាយថា សហរដ្ឋអាមេរិក បានជួបប្រទះរដូវកាលជំងឺគ្រុនផ្តាសាយធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។ ភាពធ្ងន់ធ្ងរនេះ បង្កឡើងដោយសារសកម្មភាពជំងឺគ្រុនផ្តាសាយ ការចូលព្យាបាលរោគក្នុងមន្ទីរពេទ្យ និងការស្លាប់បណ្តាលមកពីជំងឺរលាកសួត ឬគ្រុនផ្តាសាយធ្ងន់ ។

លោកស្រីបានបន្តទៀតថា “រឿងដែលគួរឲ្យចាប់អារម្មណ៍ជាងគេកាលពីឆ្នាំមុន គឺល័ក្ខខ័ណ្ឌសកម្មភាពខ្ពស់នៃជំងឺគ្រុនផ្តាសាយ” ។ លោកស្រីបានពន្យល់ថា កាលពីរដូវកាលមុននេះ មិនដូចជារដូវកាលមុនៗនោះទេ ពោលគឺជំងឺគ្រុនផ្តាសាយ មិនបានកើតមានឡើងតែមួយតំបន់នោះទេ តែផ្ទុយទៅវិញវាបានរីករាលដាល់ដល់តំបន់ជាច្រើននៅទូទាំងសហរដ្ឋអាមេរិកតែម្តង ៕