បទវិចារណកថា ៖ តើការព្រួតគ្នារវាងអ៊ីរ៉ង់ និងប្រទេសម្ចាស់ហត្ថលេខី កិច្ចព្រមព្រៀងនុយក្លេអ៊ែរ អាចទប់ទល់ជាមួយទណ្ឌកម្មសេដ្ឋកិច្ចអាមេរិក បានដែរឬទេ?

26-09-2018 4:06pm

បរទេសៈ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក ចន ប៊ូលតុន បានព្រមានក្រុមមេដឹកនាំអ៊ីរ៉ង់ថា នឹងមាន “កំហឹងយ៉ាងខ្លាំងក្លា” បើសិនជាអ៊ីរ៉ង់ ធ្វើឲ្យប៉ះពាល់ដល់សហរដ្ឋអាមេរិក ពលរដ្ឋ ឬប្រទេសសម្ព័ន្ធមិត្តរបស់ពួកគេ។

សេចក្តីអធិប្បាយរបស់លោក ប៊ូលតុន បានកើតមានឡើងនៅរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់អ៊ីរ៉ង់ ថាកំពុងសាបព្រោះ “ភាពវឹកវរ ការស្លាប់ និងការបំផ្លិចបំផ្លាញ” នៅទូទាំងតំបន់មជ្ឈិមបូព៌ា។

ដោយឡែក ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានឆ្លើយតបវិញ ជាមួយនឹងការរិះគន់ចំៗ មកលើរដ្ឋបាលរបស់លោក ត្រាំ ថាកំពុងចងអាឃាតពួកគេ។

គួរឲ្យដឹងថា កាលពីពេលថ្មីៗកន្លងមកនេះ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មសាជាថ្មីមកលើអ៊ីរ៉ង់ ក្រោយការចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥។

កិច្ចព្រមព្រៀងនេះ ដែលចរចាឡើងដោយអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានមើលឃើញអ៊ីរ៉ង់ ដាក់កំហិតសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ដើម្បីជាការដោះដូរនឹងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសម្ចាស់ហត្ថលេខី នៅតែឈរខាងកិច្ចព្រមព្រៀងមួយនេះ។ អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងរុស្ស៊ី បាននិយាយថា ពួកគេនឹងបង្កើតឲ្យមានប្រព័ន្ធទូទាត់ការចំណាយថ្មី ដើម្បីបន្តមុខជំនួញជាមួយអ៊ីរ៉ង់ និងដើម្បីឆ្លងផុតទណ្ឌកម្មសហរដ្ឋអាមេរិក។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ផមផ្យូ បានថ្កោលទោសដល់ផែនការមួយនេះ ដោយបានចាត់ទុកវាស្ថិតនៅក្នុងចំណោម “វិធានការខូចប្រយោជន៍បំផុត”។

+ តើសហរដ្ឋអាមេរិក និយាយអ្វីខ្លះពីអ៊ីរ៉ង់?

លោក ប៊ួូលតុន បាននិយាយថា “របបឃាតកម្ម” របស់ “ក្រុមអ៊ីស្លាម នៅតេអេរ៉ង់” នឹងប្រឈមជាមួយផលវិបាកធ្ងន់ធ្ងរបំផុត បើសិនជាពួកគេបន្តនិយាយ “កុហស បោកប្រាស់ និងបំភាន់ភ្នែក”។

លោក ប៊ូលតុន ដែលជាអតីតប្រេសិតពិសេសសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងបែបនេះ អំឡុងសន្និសីទកាសែតប្រឆាំងនឹងអ៊ីរ៉ង់ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ។

លោកបានបញ្ជាក់ថា “បើសិនជាអ្នកប្រឆាំងនឹងពួកយើង ប្រទេសសម្ព័ន្ធមិត្តរបស់ពួកយើង បើសិនជាអ្នកធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋរបស់ពួកយើង នឹងមាននូវកំហឹងខ្លាំងបំផុតយ៉ាងពិតប្រាកដមួយ”

លោក ប៊ូលតុន ដែលធ្លាប់ជំទាស់ចំពោះវិធានការយោធាប្រឆាំងនឹងអ៊ីរ៉ង់ កាលពីមុន បាននិយាយថា សហរដ្ឋអាមេរិក នឹងស្រេកឃ្លានក្នុងការពង្រឹងទណ្ឌកម្មសេដ្ឋកិច្ច។

ខណៈនោះដែរ លោកប្រធានាធិបតី ត្រាំ បាននិយាយការពារដល់ការសម្រេចចិត្តរបស់លោកក្នុងការបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ខណៈដែលលោកបានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅឯបុរីញូវយ៉ក។

លោកបាននិយាយថា “ក្រុមមេដឹកនាំអ៊ីរ៉ង់ បានសាបព្រោះភាពវឹកវរ ការស្លាប់ និងការបំផ្លិចបំផ្លាញ”

លោកបន្តថា “ពួកគេមិនបានគោរពប្រទេសជិតខាង ឬព្រំដែនរបស់ពួកគេ ឬសិទ្ធិអធិបតេយ្យភាពទឹកដីរបស់ប្រទេសនិមួយៗនោះទេ តែផ្ទុយទៅវិញ ក្រុមមេដឹកនាំអ៊ីរ៉ង់ បានប្លន់យកធនធានប្រទេសទាំងនោះ ដើម្បីមានបានខ្លួនឯង និងធ្វើឲ្យរីករាលភាពហិចហោចនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងតំបន់ឆ្ងាយៗពីនោះ”

លោក ត្រាំ មានការជឿជាក់ថា សំពាធសេដ្ឋកិច្ចថ្មី នឹងបង្ខំឲ្យអ៊ីរ៉ង់ យល់ព្រមវិលត្រឡប់មករកតុចរចាលើកិច្ចព្រមព្រៀងថ្មីវិញ។

សូមបញ្ជាក់ថា នៅថ្ងៃពុធនេះដែរ លោក ត្រាំ នឹងធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីបញ្ហាអ៊ីរ៉ង់ និងការហាមប្រាមអាវុធនុយក្លេអ៊ែរ។

+តើអ៊ីរ៉ង នឹងឆ្លើយតបវិញ តាមវិធីណា?

លោក រូហានី បាននិយាយថា ការជជែកដេញដោល គួរតែចាប់ផ្តើមនៅដំណាច់ការគំរាមកំហែង ហើយនិងអ្វីដែលលោកបានចាត់ទុកថា ជា “ទណ្ឌកម្មមិនត្រឹមត្រូវ” ដោយលោកបានបញ្ជាក់ថា គ្មានប្រទេសណាមួយ អាចប្រើកម្លាំងបង្ខំគេឲ្យចូលរួមតុចរចាបាននោះឡើយ។

លោកបាននិយាយនៅទីក្រុងញូវយ៉កថា ការយល់ដឹងពីទំនាក់ទំនងអន្តរជាតិរបស់សហរដ្ឋអាមេរិក គឺជាភាពផ្តាច់ការ។

អ៊ីរ៉ង់ បានចោទប្រកាន់លោក ត្រាំ ថា “កំពុងធ្វើសង្រ្គាមចិត្តសាស្រ្ត” ជាមួយនឹងខ្លួនឯង ហើយពួកគេបានច្រានចោលទាំងស្រុងនូវរាល់ការជាប់ពាក់ព័ន្ធណាមួយនឹងអំពើភេរវកម្ម។ ពួកគេបាននិយាយយ៉ាងទទូចថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺក្នុងបុព្វហេតុសន្តិភាពតែប៉ុណ្ណោះ។

កាលពីខែសីហាកន្លងទៅ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មឡើងវិញ ដោយមានគោលដៅមកលើការទិញប្រាក់ដុល្លារអាមេរិក របស់អ៊ីរ៉ង់ ពាណិជ្ជកម្មអ៊ីរ៉ង់ លើមាស និងលោហៈធាតុមានតម្លៃជាច្រើនទៀត ព្រមទាំងវិស័យរថយន្តផងដែរ។ ការនេះ បានធ្វើឲ្យតម្លៃរូបិយប័ណ្ណអ៊ីរ៉ង់ រងការប៉ះទង្គិចយ៉ាងខ្លាំង ដោយសារតែគោលនយោបាយថ្មីរបស់អាមេរិក។

នៅខែវិច្ឆិកាខាងមុខនេះ ជុំទី២នៃទណ្ឌកម្មអាមេរិក នឹងចាប់ផ្តើមទៀតហើយ ដោយមានគោលដៅមកលើប្រេង និងការដឹកជញ្ជូនអ៊ីរ៉ង់ ក៏ដូចជាធនាគារកណ្តាលរបស់ពួកគេផងដែរ។

+តើប្រទេសសំខាន់ៗណាខ្លះឈរខាងអ៊ីរ៉ង់?

ប្រទេសម្ចាស់ហត្ថលេខី ដែលនៅសេសសល់ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បាននិយាយថា ពួកគេនឹងបង្កើតឲ្យមានប្រព័ន្ធទូទាត់ការចំណាយ ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនប្រេង និងមុខជំនួញប្រេង បន្តធ្វើពាណិជ្ជកម្ម ដោយមិនចាំបាច់មានទីផ្សារសកល ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងប្រាក់ដុល្លារ។

ដំណើរការពិតប្រាកដនៃប្រព័ន្ធមួយនេះ នឹងត្រូវកំណត់តាមក្រោយ ហើយផែនការមួយនេះ បានធ្វើឲ្យសហរដ្ឋអាមេរិក ខឹងសម្បារយ៉ាងខ្លាំង។

លោក ផមផ្យូ បាននិយាយថា លោកមានការរង្គាសចិត្តជាខ្លាំង និងខកចិត្តចិត្តជាខ្លាំង ពេលទទួលបានដំណឹងថា ភាគីសេសសល់នៅក្នុងកិច្ចព្រមព្រៀងអ៊ីរ៉ង់ ប្រកាសថា ពួកគេនឹងបង្កើតឲ្យមានប្រព័ន្ធទូទាត់ពិសេស ដើម្បីឆ្លងផុតទណ្ឌកម្មអាមេរិក បែបនេះ៕