បទអត្ថាធិប្បាយ ៖ អាមេរិក ឬចិន កំពុងមានប្រៀប សម្រាប់ជុំទី៣ នៃសង្គ្រាមពាណិជ្ជកម្ម រវាងមហាយក្សទាំង២ ចាប់ផ្ដើមផ្ទុះ?

24-09-2018 4:03pm

អន្តរជាតិៈ ជុំចុងក្រោយនៃការដំឡើងតម្លៃពន្ធសហរដ្ឋអាមេរិក មកលើទំនិញចិន បានចាប់ផ្តើម ដែលជាសង្រ្គាមពាណិជ្ជកម្មកើនឡើងខ្លាំងបំផុតមិនធ្លាប់មាន រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២។

បច្ចុប្បន្ន សហរដ្ឋអាមេរិក បានដំឡើងពន្ធលើទំនិញចិន ក្នុងទំហំទឹកប្រាក់២០០ពាន់លានដុល្លារ ដើម្បីឆ្លើយតបនឹងអ្វីដែលពួកគេចោទប្រកាន់ថា ជាការធ្វើពាណិជ្ជកម្មមិនត្រឹមត្រូវដោយចិន។

ដោយឡែក ចិន បានសងសឹកវិញជាមួយនឹងការដំឡើងតម្លៃពន្ធ លើទំនិញសហរដ្ឋអាមេរិក លើទំហំទឹកប្រាក់៦០ពាន់លានដុល្លារ។

គេបានអះអាងថា សហរដ្ឋអាមេរិក បានចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មធំបំផុត នៅក្នុងប្រវត្តិសាស្រ្តសេដ្ឋកិច្ច។

ដំណើរវិវត្តន៍ចុងក្រោយនេះ នឹងធ្វើឲ្យទំហំទឹកប្រាក់នៃការនាំចូលទំនិញចិន ត្រូវសហរដ្ឋអាមេរិកដំឡើងពន្ធ ចាប់តាំងពីខែកក្កដា រហូតមក មានចំនួនសរុប២៥០ពាន់លានដុល្លារ ដែលនេះមានន័យថា ប្រហែលជាពាក់កណ្តាលនៃទំនិញចិននាំចូលទៅកាន់សហរដ្ឋអាមេរិក បច្ចុប្បន្នក្លាយជាកម្មវត្ថុនៃការដំឡើងពន្ធថ្មីទាំងនេះ។

ការកើនឡើងនៃសង្រ្គាមពាណិជ្ជកម្មចុងក្រោយនេះដែរ បានកើតមានឡើង បន្ទាប់ពីចិនលប់ចោលកិច្ចប្រជុំពាណិជ្ជកម្ម។

+តើមានរឿងអ្វីកើតឡើងខ្លះនៅថ្ងៃចន្ទនេះ

ការដំឡើងតម្លៃពន្ធចុងក្រោយគេរបស់សហរដ្ឋអាមេរិក នឹងដាក់មកលើទំនិញចិនជិត៦.០០០មុខ ជាហេតុធ្វើឲ្យវាក្លាយជាជុំធំបំផុតនៃសង្រ្គាមដំឡើងតម្លៃពន្ធពីទីក្រុងវ៉ាស៊ីងតោន។

វានឹងធ្វើឲ្យប៉ះពាល់ដល់កាបូប ស្រូវ និងវាយណភណ្ឌ ថ្វីត្បិតតែនាឡិកាដៃទំនើប និងកៅបច្ចេកវិទ្យាខ្ពស់ ត្រូវបានគេលើកលែងក៏ដោយ។ ក្រុមហ៊ុនសហរដ្ឋអាមេរិក ដែលនាំចូលទំនិញចិន នឹងត្រូវចំណាយលើពន្ធ១០ភាគរយបន្ថែមទៀត។

ផ្ទុយទៅវិញ ចិនដំឡើងពន្ធ៥ភាគរយបន្ថែមទៀតលើផលិតផលសហរដ្ឋអាមេរិកមួយចំនួនដូចជា យន្តហោះ កុំព្យូទ័រ និងវាយណភណ្ឌ ហើយនិង១០ភាគបន្ថែមទៀតលើទំនិញមួយចំនួនដូចជា សារធាតុគីមី សាច់ ស្រូវសាលី និងស្រាទំពាំងបាយជូ។

+ការដំឡើងតម្លៃពន្ធគិតមកទល់នឹងពេលនេះ

សរុប សហរដ្ឋអាមេរិក បានអនុម័តការដំឡើងតម្លៃពន្ធ៣ជុំមកហើយលើផលិតចិន ក្នុងឆ្នាំនេះ ទំនិញតម្លៃសរុបជាទឹកប្រាក់២៥០ពាន់លានដុល្លារ។

ពួកគេបានដំឡើងតម្លៃពន្ធ២៥ភាគរយលើទំនិញចិនក្នុងទំហំទឹកប្រាក់៥០ពាន់លានដុល្លារនាំចូលពីចិនក្នុង២ជុំដំបូងដាច់ដោយឡែក។

កាលពីខែកក្កដា សេតវិមាន បានដំឡើងតម្លៃពន្ធលើផលិតចិន៣៤ពាន់លានដុល្លារ ហើយបន្ទាប់មកកាលពីខែមុន សង្រ្គាមពាណិជ្ជកម្ម បានកើនឡើងបន្ថែមទៀត ពេលដែលសហរដ្ឋអាមេរិកដំឡើងតម្លៃពន្ធ២៥ភាគរយលើទំនិញចិន១៦ពាន់លានដុល្លារ នៅជុំទី២។ ទីក្រុងប៉េកាំងបានសងសឹកវិញ ក្នុងទំហំទឹកប្រាក់តែមួយ។

ដើម្បីឆ្លើយតបនឹង២ជុំដំបូង នៃការដំឡើងតម្លៃពន្ធរបស់សហរដ្ឋអាមេរិក ចិនបានដំឡើងតម្លៃពន្ធលើទំនិញសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់៥០ពាន់លានដុល្លារ ដោយមានគោលដៅមកលើផ្នែកសំខាន់ៗជាច្រើននៃមូលដ្ឋាននយោបាយរបស់លោកត្រាំ ដូចជាក្រុមកសិករជាដើម។

+តើហេតុអ្វីបានជាសហរដ្ឋអាមេរិកធ្វើបែបហ្នឹង?

លោកប្រធានាធិបតីដូណាល់ ត្រាំ បាននិយាយថា លោកចង់បញ្ចប់ការផ្ទេរបច្ចេកវិទ្យាអាមេរិកមិនត្រឹមត្រូវ ហើយនិងកម្មសិទ្ធិបញ្ញាបុគ្គលទៅឲ្យចិន ហើយព្រមទាំងការការពារការងារផងដែរ។

តាមទ្រឹស្តីបទ ការដំឡើងតម្លៃពន្ធ នឹងធ្វើឲ្យផលិតផលផលិតនៅសហរដ្ឋអាមេរិក ថោកជាងទំនិញដែលនាំចូល ហេតុដូច្នេះហើយ ពួកគេជំរុញឲ្យអ្នកប្រើប្រាស់ទិញរបស់របរអាមេរិកវិញ។ ទស្សនៈបែបនេះ នឹងធ្វើឲ្យល្អប្រសើរឡើងនូវមុខជំនួញក្នុងស្រុក និងគាំទ្រដល់សេដ្ឋកិច្ចជាតិ។

ប៉ុន្តែក្រុមហ៊ុន និងសហគ្រាសជាច្រើនរបស់អាមេរិក  បានផ្តល់ភស្តុតាងដល់ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកថា មុខជំនួញរបស់ពួកគេ នឹងមិនរងផលប៉ះពាល់នោះទេ។

មាននូវសញ្ញាជាច្រើន បង្ហាញថា ក្រុមហ៊ុនជាច្រើន បានរងផលប៉ះពាល់រួចទៅហើយ ហើយមូលនិធិរូបិយវត្ថុអន្ដរជាតិ(IMF) បានធ្វើការព្រមានថា ការកើនឡើងដុំកំភួនជាងនេះទៀត នឹងធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកល។

គោលនយោបាយរបស់លោកត្រាំ គឺជាផ្នែកមួយនៃរបៀបវិរៈពាណិជ្ជកម្មគាំពារនិយមរប់សលោក ចាប់តាំងពីលោកបានឡើងកាន់អំណាច ដើម្បីប្រកួតប្រជៀងនឹងប្រព័ន្ធសេដ្ឋកិច្ចសេរី អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

+តើនឹងមានរឿងអ្វីកើតឡើងបន្តបន្ទាប់ទៀត?

កាលពីពេលថ្មីៗកន្លងមកនេះ លោកត្រាំ បាននិយាយរួចហើយថា ពន្ធទៅលើទំនិញក្នុងទំហំទឹកប្រាក់២៦៧ពាន់លានដុល្លារ បានស្ថិតនៅលើតារាងរួចហើយ ដែលនេះមានន័យថារាល់ទំនិញនាំចេញទៅកាន់សហរដ្ឋអាមេរិកទាំង នឹងក្លាយជាកម្មវត្ថុនៃការដំឡើងតម្លៃពន្ធ។

គេនៅមិនទាន់ដឹងច្បាស់នោះទេ ថាតើ ចិននឹងអាចផ្គូរផ្គងនឹងទំហំនៃការដំឡើងតម្លៃពន្ធរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលយូរបែបណានោះទេ។

សហរដ្ឋអាមេរិក បានទិញទំនិញចិន ច្រើនជាងលក់ទៅឲ្យចិន ហេតុដូច្នេះហើយចិនមានដែនកំណត់ក្នុងការសងសឹកនឹងតាមពាណិជ្ជកម្មមួយនេះ។

ក្រុមអ្នកវិភាគបានលើកឡើងថា ចិនអាចបង្កើតគំនិតឆ្នៃប្រឌិត ពេលដែលធ្វើសង្រ្គាមតបត។

វាអាចធ្វើឲ្យមានផលវិបាកសម្រាប់ក្រុមហ៊ុនអាមេរិកនៅចិន ឬក៏បង្ខំបញ្ចុះតម្លៃរូបិយប័ណ្ណ ដើម្បីបង្កើនការនាំចេញ៕