ព័ត៌មានក្ដៅ ៖ អាមេរិក ដាក់ទណ្ឌកម្មចិន រឿងទិញយន្តហោះចម្បាំង និងមីស៊ីលបាញ់យន្តហោះ ពីរុស្ស៊ី

21-09-2018 10:42am

អាមេរិកៈ សហរដ្ឋអាមេរិក បានអនុម័តទណ្ឌកម្មមកលើយោធាចិន ពាក់ព័ន្ធនឹងការទិញយន្តហោះយោធា និងមីស៊ីលបាញ់យន្តហោះពីប្រទេសរុស្ស៊ី។

សហរដ្ឋអាមេរិក បានអះអាងថា ការទិញបែបនេះ បានផ្គើនទៅនឹងទណ្ឌកម្មសហរដ្ឋអាមេរិក មកលើទីក្រុងមូស្គូ ដែលគេបានដាក់ដើម្បីឆ្លើយតបនឹងសកម្មភាពរបស់រុស្ស៊ី នៅប្រទេសអ៊ុយក្រែន និងការជ្រៀតជ្រែកចូលទៅក្នុងកិច្ចការនយោបាយសហរដ្ឋអាមេរិក។

គួរឲ្យដឹងថា កាលពីពេលថ្មីៗនេះ ចិន បានទិញយន្តហៅចម្បាំងរុស្ស៊ី ប្រភេទ Sukhoi Su-35 ចំនួន១០គ្រឿង និងមីស៊ីលបាញ់យន្តហៅ ប្រភេទ S-400 ជាច្រើនគ្រាប់ទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ចិន មិនត្រូវបានចូលរួមក្នុងទណ្ឌកម្ម ដែលដាក់មកលើទីក្រុងមូស្គូ ដោយសហរដ្ឋអាមេរិក ហើយនិងប្រទេសសម្ព័ន្ធមិត្តលោកខាងលិចរបស់ពួកគេនោះទេ ចាប់តាំងពីឆ្នាំ២០១៤ រហូតមក។

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានតានតឹងយ៉ាងឆាប់រហ័ស ក្រោយពីទីក្រុងមូស្គូ ប្រកាសរដ្ឋឯករាជ្យតំបន់គ្រីមេ ពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤។

ដោយឡែក ការជ្រៀតជ្រែកចោទប្រកាន់របស់រុស្ស៊ី ចូលទៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ឆ្នាំ២០១៦ និងការជាប់ពាក់ព័ន្ធផ្នែកយោធាទៅក្នុងសង្រ្គាមស៊ីវិលស៊ីរី បានធ្វើឲ្យភាពតានតឹងមួយនេះកាន់តែឡើងកម្តៅខ្លាំង៕