បទអត្ថាធិប្បាយ ៖ តើជំនួបកំពូលលើកទី៣ របស់មេដឹកនាំបងប្អូនកូរ៉េ នឹងជួយអ្វីខ្លះ ដល់ការរំសាយអាវុធនុយក្លេអ៊ែរ?

18-09-2018 6:32pm

ឧបទ្វីបកូរ៉េៈ មេដឹកនាំកូរ៉េខាងជើង បានស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ពេលលោកធ្វើដំណើរមកដល់ទីក្រុងព្យុងយ៉ាង នាថ្ងៃអង្គារនេះ សម្រាប់ជំនួបកំពូលលើកទី៣ របស់ពួកគេ ក្នុងឆ្នាំនេះ ស្របពេលប្រទេសទាំង២ ចង់បង្កើតសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េ ។

មេដឹកនាំទាំង២ បានញញឹមដាក់គ្នា និងបានឱបគ្នាយ៉ាងស្និតស្នាល នៅក្បែរយន្តហោះរបស់លោក មូន នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ ស៊ូណាន ស្របពេលដែលមានការអបអរសាទរពីមនុស្សម្នាយ៉ាងច្រើន ដែលកំពុងគ្រវីផ្កា និងទង់ជាតិ ដែលរួមទាំងទង់ជាតិ តំណាងឲ្យតំបន់បង្រួបបង្រួមឧបទ្វីបកូរ៉េ ផងដែរ ។

បន្ទាប់មកទៀត លោក មូន និងលោក គីម ព្រមទាំងភរិយារបស់ពួកគេ បានចាប់ដៃគ្នាជាមួយនឹងក្រុមមន្រ្តីជាច្រើន មុនពេលទស្សនាការធ្វើពិធីរបស់កងកិត្តិយស ។ បរិយាកាសដ៏ស្រស់ស្រាយ លាយឡំនឹងភ្លេងយោធានេះដែរ ចំណាយពេល១៥នាទី ។

យោងតាមការអះអាងរបស់ក្រុមមន្រ្តីកូរ៉េខាងត្បូង បានឲ្យដឹងថា វាគឺជាលើកដំបូងហើយ ដែលលោក គីម ជុងអ៊ុន បានចេញមកស្វាគមន៍ភ្ញៀវកិត្តិយសនៅឯព្រលានយន្តហោះ ចាប់តាំងពីមេដឹកនាំវ័យក្មេងកូរ៉េខាងជើងម្នាក់នេះ បានឡើងកាន់អំណាច កាលពីឆ្នាំ២០១១ ។

ដំណើរបំពេញទស្សនកិច្ចជាប្រវត្តិសាស្រ្តរយៈពេល៣ថ្ងៃនេះដែរ គឺជាលើកដំបូងហើយ ចាប់តាំងពីឆ្នាំ២០០៧មក កាលដែលប្រធានាធិបតីកូរ៉េខាងត្បូង ធ្វើដំណើរមកកាន់កូរ៉េខាងជើង ។

មេដឹកនាំទាំង២ ពិភាក្សាលើបញ្ហាជាច្រើន ដែលរួមមានទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការបញ្ចប់សង្រ្គាមបងប្អូនកូរ៉េជាផ្លូវការ និងការបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងជាដើម។

មុនពេលចាកចេញ លោក មូន បាននិយាយតាម Twitter ថា “អ្វីដែលខ្ញុំចង់សម្រេចបានបំផុត គឺសន្តិភាព ។ មិនមែនជាការផ្លាស់ប្តូរមិនច្បាស់លាស់ ដែលអាចជាបន្ទុកដ៏ស្រួចស្រាវ ដល់ស្ថានភាពអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាសន្តិភាព ដែលមិនអាចកែប្រែបាន ជាអចិន្រ្តៃយ៍ និងមិនរង្គោះរង្គើ ដោយមិនសំខាន់ថា អ្វីនឹងកើតឡើងនៅលើឆាកសកលលោកនោះទេ”

គួរឲ្យដឹងថា លោក មូន និងលោក គីម បានប្តេជ្ញាថា នឹងបញ្ចប់សង្រ្គាមបងប្អូនទាំង២ នាអំឡុងជំនួបលើកដំបូងរបស់ពួកគេ កាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅ ។ ថ្វីដ្បិតតែសង្រ្គាម បានបញ្ចប់ទៅកាលពីរយៈពេល៦៥ឆ្នាំមុនយ៉ាងណាក្តី ក៏ប៉ុន្តែសង្រ្គាមមួយនេះ មិនដែលបានបញ្ចប់ជាផ្លូវការ ដោយសន្ធិសញ្ញាសន្តិភាពនោះទេ ។

+សហរដ្ឋអាមេរិក នៅតែប្រុងប្រយ័ត្នដូចមុន

លោក មូន បានធ្វើដំណើរមកដល់កូរ៉េខាងជើង ជាមួយបរិវារជាច្រើន ដែលរួមមានទាំងក្រុមតារាចម្រៀង K-pop និងមេដឹកនាំជំនួញរាប់សិបនាក់ទៀតផង ដែលរួមទាំងលោក ចាយ វ៉ាយលី ប្រធានក្រុមហ៊ុន Samsung។

ថ្វីដ្បិតតែទីក្រុងព្យុងយ៉ាង ពេញចិត្តនឹងឱកាសចែចូវក្រុមវិនិយោគទុនកូរ៉េខាងត្បូងយ៉ាងណាក្តី កិច្ចប្រជុំនុយក្លេអ៊ែរកំពុងបន្ត រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ក៏ត្រូវបានគេរំពឹងថា នឹងស្ថិតនៅលើរបៀបវារៈនៃជំនួបលើកនេះ ។

ជំនួបលើកទី៣នេះដែរ បានកើតមានឡើង ស្របពេលដែលកិច្ចខិតខំផ្នែកការទូត ដើម្បីជំរុញឲ្យកូរ៉េខាងជើង បោះបង់ចោលអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់ពួកគេ ទំនងជាស្ថិតក្នុងស្ថានភាពទាល់ច្រក ។ វាមានរយៈពេល៣ខែមកហើយ ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយលោក គីម នៅសិង្ហបុរី គឺជាជំនួបលើកដំបូង មិនធ្លាប់ដែលមានពីមុនមក រវាងមេដឹកនាំកំពុងកាន់អំណាចរបស់ប្រទេសទាំង២ ប៉ុន្តែគេមិនមើលឃើញសញ្ញាណាមួយថា កូរ៉េខាងជើង នឹងបញ្ឈប់ការអភិវឌ្ឍន៍កាំភ្លើងធំនុយក្លេអ៊ែររបស់ខ្លួននោះទេ ។

លោក រ៉ូសេម៉ារី ឌី កាឡូ ប្រធានផ្នែកទទួកបន្ទុកកិច្ចការនយោបាយរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា មាននូវសញ្ញាជាច្រើន បញ្ជាក់ថា កូរ៉េខាងជើង នៅតែបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់ខ្លួន ។

ដោយឡែក ទីប្រឹក្សាសន្តិសុខជាតិ របស់លោក ត្រាំ គឺលោក ចន បូលតុន បានវាយតម្លៃស្រដៀងគ្នានេះ កាលពីខែមុន ពេលដែលលោកបាននិយាយថា រដ្ឋបាលរបស់លោក ត្រាំ មិនយល់ឃើញថា កូរ៉េខាងជើង ពេញចិត្តនឹងបញ្ចប់កិច្ចព្រមព្រៀងរបស់លោក គីម និងលោក ត្រាំ នៅសិង្ហបុរី នោះទេ គឺជាឯកសារមួយមាន១ទំព័រកន្លះ ដែលក្រុមអ្នកវិភាគ លើកឡើងថា វាគ្មានភាពជាក់លាក់ និងខ្លឹមសារខ្លីបំផុតនោះ។

ក្រុមអ្នកវិភាគ បានលើកឡើងថា បញ្ហាត្រង់ថា កូរ៉េខាងជើង គ្មានផ្លូវត្រូវបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួននោះឡើយ ដរាបណាតែពួកគេមាននូវទំនាក់ទំនងសន្តិភាព និងផ្លែផ្កាជាមួយសហរដ្ឋអាមេរិក ជាមុនសិន។

ទីក្រុងវ៉ាស៊ីងតោន ទំនងជាចង់ផ្លាស់ប្តូរទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងព្យុងយ៉ាង បើសិនជាលោក គីម បោះបង់ចោលអាវុធនុយក្លែអ៊ែរ និងមីស៊ីលរបស់គាត់។

លោក មូន បាននិយាយកាលពីថ្ងៃចន្ទថា “ខ្ញុំចង់ជជែកជាមួយលោកប្រធាន គីម ជុងអ៊ុន ដើម្បីស្វែងរកនូវតុល្យភាព រវាងការទាមទាររបស់សហរដ្ឋអាមេរិក សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ និងសំណើរបស់កូរ៉េខាងជើង សម្រាប់ការបោះបង់ចោលគោលនយោបាយជម្លោះ និងពង្រឹងដល់វិធានការ ដើម្បីធានាបានសុវត្ថិភាពរបស់ពួកគេ”

លោកបន្តថា “ខ្ញុំមានជំនឿថា បញ្ហារំសាយអាវុធនុយក្លេអ៊ែរ អាចនឹងវិវឌ្ឍន៍ទៅមុខ នៅក្នុងដំណាក់កាលដ៏ឆាប់រហ័ស បើសិនជាមេដឹកនាំទាំង២ ជួបជជែកគ្នាម្តងទៀត”

លោក ត្រាំ និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ផមផ្យូ បានបង្ហាញពីការបន្តអត់ធ្មត់របស់ពួកគេ កាលពីរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅ ដោយលោក ផមផ្យូ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក នឹងបន្តប្រើប្រាស់យុទ្ធសាស្រ្ត ដែលពាក់ព័ន្ធនឹងការចរចា ខណៈដែលពង្រឹងផងដែរ ទណ្ឌកម្មមកលើទីក្រុងព្យុងយ៉ាង ដែលដាក់ជូនដោយសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ។

+ការបំពេញទស្សនកិច្ចលើកមុន ២លើករបស់ប្រធានាធិបតីកូរ៉េខាងត្បូង មកកាន់កូរ៉េខាងជើង

ប្រធានាធិបតីកូរ៉េខាងត្បូង២រូបលើកមុន ដែលបានបំពេញទស្សនកិច្ចមកកាន់កូរ៉េខាងជើង គឺលោកប្រធានាធិបតី រ៉ូ មូហ្វុន កាលពីឆ្នាំ២០០៧ និងលោកប្រធានាធិបតី គីម ដេជុង កាលពីឆ្នាំ២០០០ ដែលអ្នកទាំងពីរទទួលបានការស្វាគមន៍លក្ខណៈវីរបុរសដូចគ្នា។

លោក គីម ដេជុង គឺជាមេដឹកនាំកូរ៉េខាងត្បូង មិនធ្លាប់ដែលមានពីមុនមក បានធ្វើដំណើរមកកាន់កូរ៉េខាងជើង និងបានឈ្នះពានរង្វាន់ណូបែលសន្តិភាព សម្រាប់កិច្ចខិតខំរបស់លោក ប៉ុន្តែកេរ្តិ៍ដំណែលរបស់លោក ត្រូវបានដិតដាមទៅដោយភាពកខ្វក់ ក្រោយគេប្រកាសឲ្យដឹងថា កូរ៉េខាងត្បូង បានលួចឲ្យលុយជិត២០០លានដុល្លារ ដល់កូរ៉េខាងជើង តាមរយៈក្រុមហ៊ុន Hyundai រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនជំនួបពិភាក្សារបស់លោក៕