NOCC ថា កម្មសិក្សាផ្សព្វផ្សាយសកម្មភាពកីឡាពីសំណាក់និស្សិតជប៉ុន នៅកម្ពុជា គឺជាចលនាបំផុសស្មារតីឲ្យយុវជនស្រឡាញ់កីឡា

11-09-2018 5:36am

ភ្នំពេញៈ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា កម្មសិក្សាស្វែងយល់ និងផ្សព្វផ្សាយកីឡារប ស់ក្រុមនិស្សិតជប៉ុនដែលដឹកនាំដោយអង្គការ Gift នៅកម្ពុជា គឺជាចលនាគៀងគរដល់យុវជនសិស្សនិស្សិតឲ្យស្រឡាញ់ និងគាំទ្រវិស័យកីឡា ដ្បិតប្រទេសទាំងពីរសុទ្ធតែមានគោលដៅធំដូចគ្នា គឺព្រឹត្តិការណ៍កីឡាអូឡាំពិកនៅឆ្នាំ២០២០ នាទីក្រុងតូក្យូ និងស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

មន្រ្តីជាន់ខ្ពស់រូបនេះ មានប្រសាសន៍ដូច្នេះ នាឱកាសអញ្ជើញចែកវិញ្ញាបនបត្រជូនក្រុមនិស្សិតជប៉ុន និងក្រុមនិស្សិតកម្ពុជា កាលពីថ្ងៃចន្ទ ខែកញ្ញា ម្សិលមិញ​ នៅពហុកីឡដ្ឋាន​រតតេជោ។

លោក ថា ការចុះអប់រំផ្សព្វផ្សាយសកម្មភាពកីឡារួមគ្នារវាងក្រុមនិស្សជប៉ុន និងកម្ពុជាដល់សិស្សតូចៗនៅតាមសាលារៀន គឺជាកម្មវិធីផ្សព្វផ្សាយមួយ ដែលមានសារៈសំខាន់ក្នុងការជួយបញ្ជៀបចំណេះដឹងពាក់ព័ន្ធនឹងកីឡាដល់ពួកគេ ដើម្បីឲ្យពួកគេបានយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃកីឡាធ្វើឲ្យពួកគេទទួលបាននូវសុខភាពល្អ ប្រាជ្ញាញាណល្អ និងការអប់រំខ្ពស់ ពាក់ព័ន្ធនិងកីឡាសម្រាប់បន្តវេនដឹកនាំកីឡានាពេលអនាគត។

ទន្ទឹមនឹងនេះ លោក បានចាត់ទុកកម្មវិធីចុះផ្សព្វផ្សាយសកម្មភាពកីឡារួមគ្នារវាងក្រុមនិស្សិតជប៉ុន និងកម្ពុជាមួយនេះ គឺជាការបណ្តុះបណ្តាលបញ្ចូលនូវស្មារតីដល់ចិត្តគំនិតយុវជនឲ្យស្រឡាញ់កីឡា ហើយក៏ជាសារមួយផ្សព្វផ្សាយទៅកាន់យុវជនទាំងអស់ថា ពួកគាត់សុទ្ធតែមានចំណែកចូលរួមបម្រើ​ ឬលេងកីឡា ដើម្បីសុខភាព និងចូលរួមអបអរសាទរស៊ីហ្គេមឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជា។

តាមការបញ្ជាក់ លោក វ៉ាត់ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ឲ្យ​ដឹងបន្ថែមទៀតថា ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ កម្ពុជាត្រូវការបុគ្គលិកស្ម័គ្រចិត្ត ដែលជាយុវជនប្រមាណជា១ម៉ឺននាក់ ដើម្បីចូលរួមជួយបម្រើ​ការ និងសម្របសម្រួលជូនភ្ញៀវមកចូលរួមប្រមាណជាង៣០ប្រភេទកីឡានៃប្រទេសអាស៊ីអាគ្នេយ៍៕