រយៈពេល៨ខែ ជំងឺគ្រុនឈាម ផ្ទុះឡើងចំនួនជិត៩ពាន់ករណី និងសម្លាប់មនុស្ស១៤នាក់

27-08-2018 6:41am

ភ្នំពេញៈ រយៈពេល៨ខែ ឆ្នាំ២០១៨ ជំងឺគ្រុនឈាមបានផ្ទុះឡើង ចំនួន៨៨៨០ករណី បណ្តាលឲ្យមនុស្ស ចំនួន១៤នាក់ស្លាប នៅទូទាំងប្រទេស បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ មានការកើនឡើង ។

ប្រធានកម្មវិធីជាតិប្រយុទ្ធនិងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិ ប្រយុទ្ធជំងឺគ្រុនចាញ់ នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លាង រិទ្ធា បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែសីហានេះ ថា ជំងឺគ្រុនឈាមអាចនឹងផ្ទុះទ្រង់ទ្រាយធំ ក្នុងរយៈពេល៤ឆ្នាំ ទៅ៥ឆ្នាំម្តង ហើយការកើនឡើង នៃជំងឺគ្រុនឈាមនេះ ដោយសាតែការប្រែប្រួលអាកាសធាតុ និងឆ្នាំនេះដល់គម្រប់ឆ្នាំផងដែរ ។

ក្រសួងសុខាភិបាល បានណែនាំឲ្យប្រជាពលរដ្ឋសំរានក្នុងមុង ស្លៀកពាក់សម្លាក់បំពាក់ជិតៗ កម្ចាត់ដង្កូវទឹកនៅកន្លែងមានទឹកដក់ ត្រូវលាងសម្អាតពាង ឬអាង ឲ្យបានម្តង ក្នុងមួយសប្តាហ៍ ។ កម្ចាត់ដង្កូវទឹកពីក្នុងសម្ភារៈដែលអាចដក់ទឹក ដោយកប់ឬដុតចោល ឬទុកឲ្យមានរបៀប នូវរាល់សម្ភារៈដោយចៀសវាងកុំឲ្យមានទឹកដក់បានឲ្យសោះ។ ត្រូវធ្វើអនាម័យក្នុងផ្ទះ និងជុំវិញផ្ទះឲ្យបានស្អាត ដើម្បីកម្ចាត់ជម្រកមូសខ្លា ។

នៅឆ្នាំ២០១៨នេះ ខេត្តដែលកើតជំងឺគ្រុនឈាមច្រើនជាងគេ មានខេត្តបន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កំពង់ចាម, កណ្ដាល, រាជធានីភ្នំពេញ, បាត់ដំបង និងឧត្ដរមានជ័យ ព្រោះខេត្តទាំងអស់នេះ សំបូរទៅដោយប្រជាជនមានការបំលាស់ទីច្រើន ដោយពួកគាត់ពុំមានទីជម្រកពិតប្រាកដ ។

លោកវេជ្ជបណ្ឌិត បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រសិនបើសង្ស័យថា កូនចៅមានអាការៈក្ដៅខ្លួនអាចកើតជំងឺគ្រុនឈាម ត្រូវប្រញាប់នាំទៅកាន់មន្ទីរពេទ្យរបស់រដ្ឋ ដែលនៅជិតផ្ទះបំផុត ជៀសវាងការព្យាបាលនៅមន្ទីរពេទ្យឯកជន ។

សូមបញ្ជាក់ថា ឆ្នាំនេះក្រសួងសុខាភិបាល បានចែកជូនថ្នាំអាប៊ែតដល់ប្រជាពលរដ្ឋមាន ចំនួនប្រមាណ៣០០តោន និងថ្នាំបាញ់សម្លាប់មុស ចន្លោះពី៣ពាន់ ទៅ៥លីត្រ៕