វេជ្ជបណ្ឌិតមួយរូប ឆ្លងជំងឺអេបូឡា នៅតំបន់ឡោមព័ទ្ធដោយជីវពល នៅភាគខាងកើត ប្រទេសកុងហ្គោ

24-08-2018 2:21pm

កុងហ្គោៈ អង្គការសុខភាពពិភពលោក(WHO) បាននិយាយនៅថ្ងៃសុក្រនេះថា វេជ្ជបណ្ឌិតមួយរូបនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ធ្វើតេស្តឃើញមានជំងឺអេបូឡា ហើយមនុស្ស៩៧នាក់ ដែលបានប៉ះពាល់ជាមួយគាត់ត្រូវបានរកឃើញផងដែរ នៅតំបន់ដែលឡោមព័ទ្ធស្ទើតែទាំងស្រុងដោយក្រុមជីវពលមួយនេះ ។

លោកភីធឺ សាឡាម៉ា គឺជាអគ្គនាយករដ្ឋអង្គការ WHOទទួលបន្ទុកការត្រៀមសង្រ្គោះបន្ទាន់ និងឆ្លើយតបរហ័ស បាននិយាយប្រាប់សន្និសីទកាសែតថា នេះគឺជាលើកដំបូងហើយដែលយើងបានប្រកាសពីករណីឆ្លង និងការប៉ះពាល់នៅតំបន់ដែលគ្មានសន្តិសុខមួយនេះ ។

លោកបាននិយាយថា ទីក្រុងអ័រឆា ត្រូវបានឡោមព័ទ្ធទាំងស្រុងដោយក្រុមជីវពលអ៊ីស្លាម ADF Ugandan ហើយនិងមានក្តីកង្វល់ខ្លាំងបំផុតពីបញ្ហាសន្តិសុខធ្ងន់ធ្ងរ ដោយក្រុមឧទ្ទាមមួយនេះ បានចាប់មនុស្សជាច្រើននាក់ធ្វើជាចំណាប់ខ្មាំង ។

លោកសាឡាម៉ា បានបញ្ជាក់ទៀតថា ក្រុមគ្រូពេទ្យគ្មានព្រំដែន និងក្រុមកាកបាទក្រហម បានបដិសេធន៍មិនព្រមធ្វើដំណើរតាមផ្លូវទៅកាន់ទីក្រុងអ័រឆា នោះទេ ដែលត្រូវបានគេចាត់ទុកថាជាតំបន់ក្រហម ហើយមានតែបុគ្គលិកដ្ឋាភិបាល និងអង្គការ WHOប៉ុណ្ណោះ ដែលធ្វើការនៅទីនោះ៕