កំពូលរថយន្តធុនយក្យ ដឹកដែកអេតចាយ សម្រុកទៅកាន់ច្រកតំបន់ក្រសាំងជ្រំ បំផ្លាញផ្លូវស្ទើរក្លាយជាស្រះ

24-08-2018 7:44am

ស្វាយរៀងៈ ផ្លូវជាច្រើនខ្សែ ក្នុងស្រុកស្វាយជ្រំ ឆ្ពោះមកកាន់ច្រកតំបន់ក្រសាំងជ្រំ ជាប់នឹងព្រំដែនវៀតណាមនោះ កំពុងតែត្រូវបំផ្លាញខូចស្ទើរតែទាំងស្រុង ដែលមានគ្រលុកធំៗមានទឹកដក់ ដោយសាររថយន្តធុនយក្ដឹកដែកអេតចាយជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ ជាអ្នកបំផ្លាញ។ ករណីនេះ គេសង្ស័យថា មានការបង់លុយកាក់ឲ្យសមត្ថកិច្ចជំនាញអស់ហើយ ទើបក្រុមក្បួនរថយន្តដឹកអេតចាយទាំងនោះ ដឹកបានយ៉ាងរលួនយ៉ាងដូច្នេះ។

បើតាមពលរដ្ឋរស់នៅតំបន់ខាងលើ បានឲ្យដឹងថា កន្លងមក ផ្លូវមកកាន់ច្រកតំបន់មានភាពល្អប្រសើរ ដែលងាយស្រួលក្នុងការធ្វើដំណើរ ទាំងការដឹកកសិផលមកកាន់ទីផ្សារ ប៉ុន្តែមួយរយៈនេះ គេសង្កេតឃើញមានការដឹកអេតចាយពីសំណាក់ក្បួនរថយន្តដឹកដែកអេតចាយ សម្រុកទាំងយប់ទាំងថ្ងៃ មិនខ្វល់ពីការខូចផ្លូវ នោះឡើយ។

ពលរដ្ឋបន្តទៀតថា រាល់ការដឹករបស់ក្រុមរថយន្តធុនយក្សនោះ បើសិនមានការថ្លឹងត្រឹមត្រូវវាមិនអីនោះទេ ប៉ុន្តែការដឹករបស់ពួកគាត់មើលទៅហាក់បីដូចមិនធម្មតា ពោល គឺរថយន្តមានបណ្តោយវែងៗ ដាក់ខ្ពស់ផុតដំបូលជិត២ម៉ែត្រឯណោះ ហើយមានធ្លាក់ដែកអេតចាយ បន្សល់ឲ្យអ្នកបើកឡានម៉ូតូកង់ឆ្លងកាត់ និងកិនពីលើលេងផងដែរ។

ប្រភពពីមន្ត្រីប្រចាំនៅទីនោះ ឲ្យដឹងថា រថយន្តធុនយក្សទាំងនោះ បានសម្រុកមកតាមច្រកតំបន់ក្រសាំងជ្រំនេះបាន២ថ្ងៃហើយ ដើម្បីសាងទំនិញពីដីខ្មែរ ចូលដីវៀតណាម ហើយក្រុមរថយន្តដឹកអេតចាយទាំងអស់នោះ បានបង់ឲ្យសមត្ថកិច្ចជំនាញទាំងអស់ មានប៉ូលិសការពារព្រំដែនក្រសាំងជ្រំ ចំនួន១៥០០០រៀល យោធាការពារព្រំដែន និងកាំងកុងត្រូលចំនួន៥ម៉ឺនរៀល សម្រាប់បាយទឹក ហើយចំពោះខាងគយវិញ ក៏មានបង់ផងដែរ ប៉ុន្តែមិនដឹងថា ចំនួនប៉ុន្មាននោះទេ។

ពលរដ្ឋរស់នៅតំបន់នោះ សំណូមពរដល់ស្ថាប័នជំនាញទាំងអស់ ដែលមានការពាក់ព័ន្ធ មេត្តាជួយចុះមកមើលផ្លូវមួយនេះផង បើមិនដូច្នេះទេ ផ្លូវមកកាន់ច្រកតំបន់ក្រសាំងជ្រំនេះ កុំថាឡើយជិះម៉ូតូ សូម្បីតែជិះកង់មិនរួចផង៕