កម្ពុជា ប្រជែងបានលេខ១ លើ​ប្រភេទរថយន្តប្រើសាំង ក្នុង​ព្រឹត្តិការណ៍ Asia Cross Country Rally 2018

18-08-2018 10:10am

ភ្នំពេញៈ ទីបំផុតរថយន្តកម្ពុជា បើកបរដោយលោក ហូ សិទ្ធិគុណ ដែលមានជំនួយការបើកបរ កីឡាការិនី សេង សុជាតិតា និងជំនួយការកីឡាករ ពៅ តិចឡេង ប្រជែងបានចំណាត់ថ្នាក់លេខ១ ប្រភេទរថយន្តប្រសាំងពីព្រឹត្តិការណ៍ប្រណាំងរថយន្តឆ្លងពីថៃមកកម្ពុជា «Asia Cross Country Rally 2018» ដែលប្រព្រឹត្តទៅរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៨ ខែសីហានេះ។

កីឡាករ ហូ សិទ្ធិគុណ បានសម្ដែងក្ដីរីករាយយ៉ាងខ្លាំងនៅពេលទទួលបានជ័យជម្នះពីការប្រជែងដ៌លំបាកនេះថា ការដណ្ដើមបានជ័យជម្នះនេះ ក៏មានការចូលរួមយ៉ាងស្វិតស្វាញពីសហការីរបស់លោកផងដែរ គឺកីឡាការិនី សេង សុជាតា និងកីឡាករ ពៅ តិចឡេង ដែលបានចូលរួមប្រតិបត្តិការជាមួយលោកតាំងពីដើមរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។

ក្នុងព្រឹត្តការណ៍ Asia Cross Country Rally ឆ្នាំ២០១៨នេះ កីឡាករកម្ពុជា ហូ សិទ្ធិគុណ ពិតជាធ្វើបានល្អណាស់តាំងពីថ្ងៃចាប់ផ្ដើមប្រណាំងដំបូងនៅប្រទេសថៃ ដោយចេញពីខេត្តប្រាជិនបុរី រហូតដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជា បើទោះបីជាស្ថានភាពប្រណាំងជួបឧបសគ្គលំបាកមួយចំនួនក៏ដោយ។

គួរជម្រាបថា ព្រឹត្តិការណ៍ Asia Cross Country Rally 2018 នេះ ជាព្រឹត្តិការណ៍ប្រកួតយានយន្តអន្តរជាតិលើកទី២៣ ប្រចាំតំបន់អាស៊ី។ ព្រឹត្តិការណ៍នេះ បានចាប់ផ្ដើមពីខេត្តប្រាជិនបុរី ប្រទេសថៃ នាថ្ងៃទី១៣ ខែសីហា និងបញ្ចប់នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ។

ក្រុមប្រណាំងខារ៉ាកម្ពុជាដែលចូលរួមក្នុងនៃព្រឹត្តិការណ៍ Asia Cross Country Rally 2018 ទទួលបានការឧបត្ថម្ភធំពីភេសជ្ជៈ Zorus៕