ក្រុមរថយន្តកម្ពុជា ទាំង២គ្រឿង ប្រជែងបានលទ្ធផលល្អប្រសើរ ក្នុងថ្ងៃបើកឆាក

14-08-2018 3:17pm

ភ្នំពេញៈ ក្រុមរថយន្តកម្ពុជាទាំង២គ្រឿង នៅថៃ្ងបើកឆាក នៃព្រឹត្តិការណ៍ប្រកួត Asia Cross Country Rally 2018 នៅប្រទេសថៃ ប្រជែងបានលទ្ធផលល្អប្រសើរ ដោយមានពិន្ទុក្រោមតែក្រុមរថយន្តជប៉ុន តែមួយប៉ុណ្ណោះ។

សម្រាប់ថៃ្ងបើកឆាកការប្រកួតប្រជែងដំបូង នៃព្រឹត្តិការណ៍ Asia Cross Country Rally2018 ដែលជាព្រឹត្តិការណ៍ប្រកួតយានយន្តលើកទី ២៣ ប្រចាំតំបន់អាស៊ី ដំណើរការនៅថ្ងៃទី១៣ ខែសីហា ដោយចាប់ផ្តើមនៅទីក្រុងប៉ាតាយ៉ា នៃ ខេត្តកាប៉ីនបូរី ព្រះរាជាណាចក្រថៃ ក្រុមរថយន្តកម្ពុជាទាំង២គ្រឿងដែលប្រកួតលើប្រភេទរថយន្ត ប្រើថាមពលប្រេងសាំងប្រជែងបានចំណាត់ថ្នាក់លេខ២ និង៣ ដោយចាញ់ពិន្ទុក្រុមរថយន្តជប៉ុនតែមួយប៉ុណ្ណោះក្នុងជុំដំបូងនេះ។

ថ្លែងនៅក្រោយបញ្ចប់ការប្រកួតជុំទី១ លោក ហូ សិទ្ធិគុណអ្នកបើករថទី១ តំណាងក្រុមរថយន្ត KARA កម្ពុជា បានលើកឡើងថា ការប្រកួតនៅថ្ងៃដំបូងនេះ លោកពិតជាធ្វើបានល្អ ទោះបីផ្លូវមានសស្ថានភាពលំបាកខ្លាំង ធ្វើឲ្យរថយន្តមានបញ្ហាមួយចំនួនក៏ដោយ ក៏ការបញ្ជា រថយន្តប្រកបដោយទំនុកចិត្តខ្ពស់របស់លោក នៅអាចប្រជែងឈ្នះថេរៈវេលា រថយន្តផ្សេងទៀតចន្លោះ១៥ទៅ៣០នាទី ធ្វើអោយរថយន្តលោកមានពិន្ទុខ្ពស់ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមរថយន្តប្រើសាំង។

ជាមួយគ្នានេះលោក វង្ស គីមហួត អ្នកបើករថយន្តទី២ដែលឈរនៅពិន្ទុខ្ពស់ស្ថិតនៅលំដាប់លេខ ២បានអះអាងថា ការប្រកួតថ្ងៃដំបូងរបស់លោក ក្នុងចំណុចចាប់ផ្តើមដំបូងវាបានជួបបញ្ហាលំបាកខ្លាំងដែរ ប៉ុន្តែការលំបាកទាំងនោះលោកប្រឺងជម្នះរហូតទទួលបានពិន្ទុខ្ពស់ ក្នុងថ្ងៃប្រកួតទី១នេះ។ លោក ថា ថ្ងៃ ទី២ត្រូវថ្ងៃ១៤ ខែ សីហា ប្រកួតចេញពីខេត្តកាប៉ីនបូរីឆ្ពោះទៅកាន់ខេត្តបូរីរុំាំដែលមានរយៈចម្ងាយជាង៣០០គីឡូម៉ែតលោក និងធ្វើឲ្យកាន់តែល្អជាងនេះទៀត។

ដោយឡែក លោក ស្រី សេង សុជាតា ជំនួយការអ្នកបើកបររថយន្តកម្ពុជា ដែលជាជំនួយការអ្នកបើកបរនារីកម្ពុជាដំបូងគេដែលចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តកម្រឹតអាស៊ីនេះ បានលើកឡើងដែរថា លោកស្រី និងបង្កើនសមត្ថភាពបន្ថែមទៀតលើវិស័យប្រណាំងយានយន្តមួយនេះ ក្នុងបំណងអភិវឌ្ឍន៍សមត្ថភាពចូលបញ្ជារថយន្តដោយខ្លួនឯងនាឱកាសប្រកួតក្រោយៗទៀត។

សម្រាប់លទ្ធផល ប្រភេទរថប្រណាំងបើសាំង ពិន្ទុខ្ពស់ក្នុងថ្ងៃ ទី១ បានទៅលើក្រុមរថយន្តមកពីប្រទេសជប៉ុន ពិន្ទុខ្ពស់លំដាប់លេខ២បានទៅលើក្រុមរថយន្តលោក វង្ស គីមហួត និង ពិន្ទុខ្ពស់លំដាប់លេខ៣បានទៅលើក្រុមរថយន្តលោក ហូ សិទ្ធិគុណ។ រីឯរថយន្តម៉ាសូត រថយន្តមានពិន្ទុខ្ពស់ជាងគេបានទៅលើរថយន្តមកពីប្រទេសថៃ ពិន្ទុខ្ពស់លេខ២បានលើរថយន្តថៃ និងរថយន្តឈរនៅពិន្ទុខ្ពស់លេខ៣គឺរថយន្តរបស់ថៃដែរ៕