ជនជាប់ចោទ២នាក់ ក្នុងចំណោម៤នាក់ ត្រូវកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួន

10-08-2018 7:09pm

ភ្នំពេញៈ នៅថ្ងៃព្រស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ៥១៨ ដចន ចុះថ្ងៃទី០៣-សីហា-២០១៨ និងលេខ៥៣៣ ដចន ចុះថ្ងៃទី០៩-សីហា-២០១៨ របស់ចៅក្រមស៊ើបសួរ តុលាការរាជធានីភ្នំពេញបានឃាត់នាំខ្លួនជនជាប់ចោទ២នាក់ ឈ្មោះ Chang Yu Min និងឈ្មោះ Xiao Jiun Hong បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ។

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ មានក្រុមជនសង្គមងងឹតជនជាតិចិនតៃវ៉ាន់មួយក្រុមមានគ្នា៤នាក់បានធ្វើសកម្មភាពប្រើអំពើហឹង្សាមានស្ថានទម្ងន់ទោស និងកំហែងយកនៅផ្ទះលេខ១៣ ផ្លូវលេខ៣(បូរីភ្នំពេញថ្មី) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ផ្ទះជនរងគ្រោះ) ដោយយកពែងតែគប់ទៅលើជនរងគ្រោះរងរបួសក្បាល និងយកវត្ថុរឹងគំរាមបង្ខំឲ្យជនរងគ្រោះចុះហត្ថលេខាលើលិខិតឲ្យទទួលស្គាល់ជំពាក់លុយពួកគេចំនួន ២២ម៉ឺនដុល្លារ និងបញ្ចាំរថយន្ត ដោយជនរងគ្រោះមិនបានជំពាក់លុយពួកគេនោះទេ ។

បន្ទាប់មកក្រុមជនសង្ស័យបានបង្ខំឲ្យជនរងគ្រោះយកសោររថយន្ត បណ្ណសម្គាល់យានយន្ត និងយករថយន្តម៉ាកMercedes របស់ជនរងគ្រោះយកទៅលាក់ទុកនៅ Condo ក្រោយណាហ្គាក្នុងខណ្ឌចំការមន ។ ជនសង្ស័យឈ្មោះ Yang Shi Xiao ជាមេក្លោងក្នុងការធ្វើសកម្មភាពត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១៨ ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយចោទពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកំហែងយក ប៉ុន្តែត្រូវបានព្រះរាជអាជ្ញារង សឿ ឡង់ឌី ចោទនៅត្រឹមហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស បញ្ជូនទៅចៅក្រមស៊ើបសួរ ហេង កេសរោ ក៏បានដោះលែងជនសង្ស័យឈ្មោះ Yang Shi Xiao ដែលជាមេក្លោងក្រុមជនសង្គមងងឹតរូបនេះឲ្យមានសេរីភាព ទាំងបក្ខពួក៣នាក់ទៀតកំពុងរត់គេចខ្លួនមិនទាន់ចាប់បាននៅឡើយ ។

ការដោះលែងជនសង្ស័យ ធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះមានការភ័យខ្លាចយ៉ាងខ្លាំងត្រូវសម្ងំលាក់ខ្លួន និងមិនហ៊ានចូលផ្ទះរបស់ខ្លួនទៀតផង។ ក្នុងចំណោមជនសង្ស័យទាំង៣នាក់ កម្លាំងកងរាជអាវុធហត្ថបានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនចំនួន២នាក់បន្ថែមទៀត ៕