ក្រសួងអប់រំ បញ្ជូនក្រុម U12 ភ្នំពេញក្រោន ទៅ​ប្រកួត​នៅប្រទេសចិន

10-08-2018 6:03pm

ភ្នំពេញៈ ក្រសួងអប់រំយុវជន​ និង​កីឡា បាន​បញ្ជូន​ក្រុម​កីឡាករ​អាយុ​ក្រោម​១២​ឆ្នាំ​របស់​ក្លិប​បាល់ទាត់​ភ្នំពេញក្រោន​ ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​ប៉េកាំង​ប្រទេស​ចិន នៅ​ម៉ោង​៨ព្រឹក​ថ្ងៃ​សៅរ៍ ​ទី១១​ ខែ​សីហា ឆ្នាំ​២០១៨​ ដើម្បី​ចូលរួមប្រកួតប្រជែងក្នុងកម្មវិធី​មិត្តភាព​អាស៊ាន-ចិន Soong Ching Ling Cup, China-ASEAN Youth Football Friendly Matches ។

កាលពីឆ្នាំមុនក្រុមកីឡាកររបស់កម្ពុជា ទទួលបានពានរង្វាន់ Fair Play ខណៈ​កម្មវីធី Soong Ching Ling Cup, China-ASEAN Youth Football Friendly Matches ត្រូវ​បាន​រៀបចំ​ដោយ​មជ្ឈមណ្ឌល​អាស៊ាន-ចិន (ASEAN-China Center) នៃប្រទេសចិន ហើយកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែសីហា ខាងមុខ ។

បើ​តាម​ការ​បញ្ជាក់​របស់​ក្លិប​ភ្នំពេញក្រោន បាន​បញ្ជាក់​ថា​ក្នុង​បេសកកម្ម​នេះ​ក្រុម​កីឡាករ​អាយុក្រោម​១២​ឆ្នាំ​របស់​ខ្លួន​ដឹកនាំដោយអ្នកគ្រូ ប៉ិ ផល្លី ជាគ្រូបង្វឹក អមដោយលោក ម៉ក ភារុន​ ជា​ជំនួយ​ការ​គ្រូបង្វឹក ។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំ យុវជន និងកីឡា​​ ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ការ​ខិតខំប្រឹងប្រែងរបស់ក្លិប និងគ្រូបង្វឹក បានរៀបចំក្រុមហាត់ហ្វឹកហ្វឺន​ ក្នុង​ការ​ចូលរួម​ប្រកួត ។ កម្ពុជា បញ្ជូន​ក្រុម​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​នេះ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​កម្ពុជា-ចិន​ នឹងក៏ជាឱកាសមួយក្មេងៗរបស់កម្ពុជា បានបង្ហាញពីសមត្ថភាពផ្ទាល់ខ្លួន​ ដក​ស្រង់​យក​បទពិសោធន៍​ និងកសាងមិត្តភាពជាមួយកីឡាករនៃប្រទេសចូលរួមផ្សេងៗទៀត ។

លោកបានបន្តថា រាជរដ្ឋាភិបាល ក៏ដូចក្រសួងអប់រំតែងយកចិត្តទុកដាក់ខ្ពស់​ ពិសេស​កីឡា​បាល់ទាត់​ ហើយទទួលរាប់រងក្នុងការចំណាយថវិកាលើថ្លៃសំបុត្រយន្ដហោះ​ និង​ប្រាក់​ហោប៉ៅ​ដ៏​គាប់​ប្រសើរ​ផងដែរ៕