ក្រុមហ៊ុនអាកាសចរណ៍ Ryanair លុបចោលជើងហោះហើរជិត៤០០វ៉ុល ដោយសារកូដកម្មរបស់ពីឡុត

10-08-2018 5:33pm

អៀរឡង់ៈ នៅថ្ងៃសុក្រនេះ ក្រុមហ៊ុនអាកាសចរណ៍ Ryanair របស់អៀរឡង់ បានលុបចោលជើងហោះជិត៤០០វ៉ុល ដោយសារតែកូដកម្មរបស់ពីឡុតយន្តហោះនៅតាមប្រទេសទីផ្សារធំបំផុតរបស់ខ្លួន។

ក្រុមហ៊ុនបញ្ចុះតម្លៃសំបុត្រយន្តហោះមួយនេះ បាននិយាយថា ពួកគេបានលុបចោលជើងហោះហើរនៅក្នុងប្រទេសអាល្លឺម៉ង់ អ៊ីសឡង់ បែលហ្ស៊ិក និងស៊ុយអែត ដោយធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរជាង៧ម៉ឺននាក់។ ១៥ភាគរយនៃជើងហោះហើរដែលបានកំណត់ហោះហើររបស់ក្រុមហ៊ុន ត្រូវបានប៉ះពាល់ទាំងស្រុង។

ពីឡុតរបស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair នៅប្រទេសហុល្លង់ បានធ្វើកូដកម្មផងដែរ នៅថ្ងៃសុក្រនេះ ប៉ុន្តែសកម្មភាពរបស់ពួកគេ មិនបណ្តាលឲ្យលុបចោលជើងហោះហើរនោះទេ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Ryanair បានរងភាពរង្គោះរង្គើរដោយសារតែកូដកម្មជាហូរហែររបស់បុគ្គលិក ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ជាហេតុបង្ខំឲ្យលប់ចោលជើងហោះហើររាប់រយវ៉ុល និងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះសេវាកម្មដែលអាចទុកចិត្តបានរបស់ពួកគេផងដែរ៕