អង្គការផ្កាយសមុទ្រ ដឹកនាំក្រុមបាល់ទាត់វ័យក្មេង៨រូប ចូលរួមការ​ប្រកួតបាល់ទាត់ SATUK WORLD CUP BULGARIA 2018

18-08-2018 10:30am

ភ្នំពេញៈ យុវជនថ្នាល់បាល់ទាត់អង្គការផ្កាយសមុទ្រ៨រូប នៅម៉ោង៦ល្ងាចនេះ បានចេញពីកម្ពុជាឆ្ពោះទៅប្រទេសបុលការីហើយ ដើម្បីចូលរួមកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ SATUK WORLD CUP BULGARIA 2018។

យុវជនបាល់ទាត់ថ្នាលរបស់អង្គការផ្កាយសមុទ្រចំនួន៨រូបដឹកនាំដោយលោក សុភ័ក្ក មករា គ្រូបង្គោលបាល់ទាត់អង្គការផ្កាយសមុទ្រ នាល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ បានចាកចេញពីព្រះរាជាណាចក្រកម្ពុជា គោលដៅឆ្ពោះទៅប្រទេសបុលការី ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រកួតបាល់ពានរង្វាន់ SATUK WORLD CUP BULGARIA 2018។

ថ្លែងប្រាប់អ្នកព័ត័មានមុនចេញដំណើរនាឱកាសយានដ្ឋានអន្តរជាតិភ្នំពេញពេញ លោក សុភ័ក្ក មករា បានឲ្យ​ដឹងថា កម្មវិធីប្រកួតបាល់ទាត់នេះមានប្រទេសចូលរួមចំនួន១៦ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍មានចូលរួមមានតែប្រទេសកម្ពុជា និងឥណ្ឌានេស៊ីប៉ុណ្ណោះ។ លោកថា ការប្រកួតនេះប្រទេសបុលការីរៀបចំឡើង គឺដើម្បីផ្តល់ឱកាសអោយពួកយុវជនដែលស្រលាញ់បាល់ទាត់នៅតាមបណ្តាអង្គការប្រទេសតំបន់អាស៊ី និងអឺរ៉ុបដែលមិនមានឱកាសបច្ចេញសមត្ថភាពក្នុងកម្មវិធីបាល់ទាត់ធំ ឲ្យពួកទទួលបានឱកាសបច្ចេញសមត្ថភាពតាមរយៈការប្រកួតប្រជែងនៅក្នុងកម្មវិធីប្រកួតពានរង្វាន់មួយនេះ។

លោក អះអាងថា តាមរយៈកម្មវិធីមួយនេះវាបានផ្តល់ឱកាសដល់កុមារកម្ពុជាដែលនៅតាមបណ្តាអង្គការទទួលបានចំណេះដឹងផ្នែកបាល់ទាត់កាន់តែប្រសើរ ហើយទាំងធ្វើអោយពួកគេបានមានឱកាសបញ្ចេញនៅសមត្ថភាព និងបញ្ជាសពួកគេអោយឃ្លាតឆ្ងាយពីគ្រឿងញាន និងអំពើរអប្បាយមុខផ្សេងៗផងដែរ។

ប្រធានក្រុមបាល់ទាត់យុវជនថ្នាល់អង្គការផ្កាយសមុទ្របានប្តេជ្ញាថា ខ្លួន និងមិត្តរួមក្រុមនិងខិតខំប្រឹងប្រែងអោយអស់ពីលទ្ធភាព ដើម្បីទទួលបានលទ្ធផលល្អប្រសើរមួយមកកម្ពុជាវិញ ហើយរូបគេ និងមិត្តរួមអះអានិងនាំយកចំណេះដឹងដែលជាបទពិសោធន៍ល្អពីប្រទេសចូលរួមទាំងនោះមកចែករំលែកដល់មិត្តភក្កិរួមអាជីពនៅកម្ពុជា។

សូមបញ្ជាក់ថា កម្មវិធីប្រកួតបាល់ទាត់SATUK WORLD CUP BULGARIA 2018 ដំណើរការប្រកួតផ្លូវការនៅថ្ងៃ ទី១២ ខែ រហូតដល់ថ្ងៃ ទី១៧ ខែ សីហា ឆ្នាំ២០១៨ទើបបញ្ចប់។ ហើយការប្រកួតនេះមានប្រទេសក្នុងតំបន់អឺរ៉ុប និងអាស៊ីចូលរួមចំនួន១៦ ប្រទេស ក្នុងនោះមានតែកម្ពុជា និងប្រទេសឥណ្តូនេស៊ីប៉ុណ្ណោះដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានឱកាសទទួលបានសិទ្ធិចូលរួមប្រជែង៕