វិមានក្រឹមឡាំង ថ្កោលទោសអាមេរិក ពាក់ព័ន្ធនឹងការវាយប្រហារ លើអតីតមន្រ្តីចារកិច្ចរុស្ស៊ី

10-08-2018 4:56pm

រុស្ស៊ីៈ វិមានក្រឹមឡាំង បានចាត់ទុកការសម្រេចចិត្តរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មបន្ថែមទៀតមកលើរុស្ស៊ី បន្ទាប់ពីការបំពុលអតីតមន្រ្តីចារកិច្ចរុស្ស៊ី លោកសឺហ្គេ ស្រ្គីប៉ាល់ និងកូនស្រីបង្កើតរបស់លោក នៅចក្រភពអង់គ្លេស កាលពីដើមឆ្នាំនេះនោះថា “មិនអាចទទួលយកបាននោះទេ និងខុសច្បាប់ទាំងស្រុង” ហើយពួកគេបានប្តេជ្ញាចិត្តថានឹង “ធ្វើការចាត់វិធានការសងសឹកវិញ”។

គួរឲ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃពុធថា ទណ្ឌកម្មនឹងដាក់ជូន ក្រោមច្បាប់ “សង្រ្គាមគីមី និងជីវសាស្រ្ត” ហើយទណ្ឌកម្មនេះ នឹងចូលជាសុពលភាពនៅថ្ងៃទី២២ ខែសីហាខាងមុខនេះ។

សេចក្តីថ្លែងការណ៍មួយនេះ បានចោទប្រកាន់រុស្ស៊ីផងដែរថាបានបំពានលើច្បាប់អន្តរជាតិ។

អំឡុងសន្និសីទកាសែតតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បត្តិ៍ លោកឌីមីទ្រី ប៉េស្កូវ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន បាននិយាយថា “រុស្ស៊ីមិនបានធ្វើអ្វីជាមួយនឹងការប្រើប្រាស់អាវុធគីមីនោះទេ ហើយទណ្ឌកម្មនេះ គឺមិនអាចទទួលយកបាន និងខុសច្បាប់ទាំងស្រុង”៕