Novak Djokovic បរាជ័យក្រោមថ្វីដៃកីឡាករវ័យក្មេង Stefanos Tsitsipas នៅជុំទី៣ Rogers Cup

10-08-2018 4:51pm

វាយតឺន្នីសៈ នៅថ្ងៃសុក្រនេះ កីឡាករ Novak Djokovic ដែលជាម្ចាស់គ្រងជើងឯក Wimbledonនោះ បានមើលឃើញការប៉ុនប៉ងរបស់លោកក្នុងការសម្រេចបានជោគជ័យលើកទី៥នៅ Rogers Cup បានដល់ទីបញ្ចប់ដោយសារតែបរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅជុំទី៣ ក្រោមថ្វីដៃរបស់កីឡាករវ័យក្មេង Stefanos Tsitsipasមកពីប្រទេសក្រិក នៅឯទីក្រុង Toronto របស់ប្រទេសកាណាដា។

កីឡាករ Tsitsipas ដែលនឹងឈានដល់វ័យ២០ឆ្នាំនៅថ្ងៃអាទិត្យខាងមុខ បានយកឈ្នះជើងឯក Grand Slam ១៣សម័យកាលម្នាក់នេះ ក្នុងលទ្ធផលពិន្ទុ6-3 6-7 (5-7) 6-3 នៅការប្រកួតមួយចំណាយពេលដល់ទៅ២ម៉ោង និង១៨នាទី។

កីឡាករStefanos Tsitsipasមកឈរនៅលំដាប់ថ្នាក់លេខ២៧ពិភពលោក បានឡើងទៅវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ ATP World Tour Masters 1000 ជាលើកដំបូងក្នុងអាជីពរបស់ខ្លួន។

ខណៈនោះដែរ  កីឡាករ Rafael Nadalឈរនៅលំដាប់ថ្នាក់លេខ១ពិភពលោក បានឡើងដល់វគ្គ៨នាក់ចុងក្រោយនេះផងដែរ៕