ក្រុមឧទ្ទាមតាលីបង់ បើកការវាយប្រហារមកលើទីរួមខេត្តហ្គាស្នី ប្រទេសអាហ្វហ្គានីស្ថាន

10-08-2018 4:48pm

អាហ្វហ្គានីស្ថានៈ យោងតាមការអះអាងពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមឧទ្ទាមតាលីបង់ បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធតាលីបង់ បានបើកការវាយប្រហារមកលើទីរួមខេត្តហ្គាស្នី ស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានីកាប៊ុល កាលពីព្រឹកថ្ងៃសុក្រនេះ។

លោកមហាម៉ាដ អារីហ្វ នូរី គឺជាអ្នកនាំពាក្យរដ្ឋបាលខេត្តហ្គាស្នី បាននិយាយប្រាប់ CNNថា ទាហានអាហ្វហ្គានីស្ថាន បានវាយបកមកលើក្រុមជីវពលដោយសំដៅចេញពីគ្រប់ជ្រុង ជាហេតុធ្វើឲ្យមានគ្រោះថ្នាក់ដល់ភាគីទាំងអស់ដូចៗគ្នា។

ការផ្ទុះអាវុធនៅតែបន្តកើតឡើងនៅឡើយនៅទីរួមខេត្តមួយនេះ ស្របពេលដែលកងកម្លាំងប្រដាប់អាវុធអាហ្វហ្គានីស្ថាន តដៃជាមួយក្រុមជីវពលតាលីបង់។

លោកនូរី បានបញ្ជាក់ថា សកម្មប្រយុទ្ធតាលីបង់មួយក្រុម ដែលបានធ្វើដំណើរចូលមកកាន់ទីរួមខេត្តហ្គាស្នី បានលាក់ខ្លួននៅជិតស្នងការនគរបាលខេត្ត ហើយបានបាញ់ស្រោចមកលើអគារតែម្តង៕