Everton ទិញកីឡាករ Yerry Mina និងកីឡាករ Andre Gomes ពី Barcelona

10-08-2018 2:44pm

បាល់ទាត់ៈ ក្លិប Everton បានចុះហត្ថលេខាទិញយកខ្សែការពារសញ្ជាតិកូឡុំប៊ី Yerry Mina វ័យ២៣ឆ្នាំ របស់ក្លិប Barcelona ក្នុងតម្លៃ២៧.១៩លានផោន (ស្មើនឹង៣០.២៥លានអឺរ៉ូ ) ដោយមិត្តរួមក្រុម Andre Gomes ចូលលេងជាមួយពួកគេ ក្នុងនាមជាកីឡាករខ្ចីជើង រយៈពេល១រដូវកាល ។

ក្លិប Everton ក៏បានទិញយកខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីល Bernard ផងដែរ នៅលើកិច្ចព្រមព្រៀងអចិន្ទ្រៃយ៍ ។

ទោះបីជាយ៉ាងណាក៏ដោយ ក្លិប Barcelona បាននិយាយថា ពួកគេសុំរក្សាសិទ្ធិដើម្បីទិញយកកីឡាករ Mina ត្រឡប់មកវិញ ខណៈដែលខ្សែបម្រើ Gomes វ័យ២៥ឆ្នាំ មានតម្លៃខ្ចីជើង២លានផោន ។

កីឡាករ Mina បាននិយាយថា “វាសំខាន់ខ្លាំងណាស់ ដែលក្លិបចង់ធ្វើសង្រ្គាមដណ្តើមអ្វីមួយ។ នេះគឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ”។

សូមបញ្ជាក់ថា ការមកដល់របស់កីឡាករ Mina មានន័យថា ក្លិប Everton បានចំណាយលុយជាង៦០លានផោន ក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ បន្ទាប់ពីការមកដល់ក្នុងតម្លៃ៣៥លានផោន របស់ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីល Richarlison ពីក្លិប Watford នៅក្នុងកិច្ចព្រមព្រៀងមួយ ដែលអាចកើនឡើងដល់៥០លានផោន៕