អស្ចារ្យណាស់! ចៅស្រីអតីតអ្នកនិពន្ធបទ “ឱ! ភ្នំពេញអើយ” លើកពាន Guinness Acoustic Music Box 2018

10-08-2018 10:00am

​ភ្នំពេញៈ តារាចម្រៀង កែវ ធីតា ចៅស្រីអតីតចៅហ្វាយក្រុងភ្នំពេញ និងជាអ្នកនិពន្ធបទ ”ឱ!ភ្នំពេញអើយ” លោក កែវ ចិន្តា ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីប្រឡងចម្រៀង Guinness Acoustic Music Box ។

ទឹកដមសំនៀងរបស់ រស់ កែវធីតា ឆក់បានការចាប់អារម្មណ៍ខ្លាំង រហូតនាងអាចក្លាយជាម្ចាស់ជយលាភី លើការប្រកួតចម្រៀងបែបថ្មី ដ៏គួរឲ្យចាប់អារម្មណ៍ គឺកម្មវិធីប្រឡងចម្រៀង Guinness Acoustic Music Box របស់ទូរទស្សន៍ My TV ដែលមានលោក សូរ ស្រណោះ កញ្ញា Nikki Nikki និងលោក ម៉ា ច័ន្ទបញ្ញា ជាគណកម្មការនោះ។ នាងក៏ទទួលបាទឹកប្រាក់សុទ្ធជាង១ម៉ឺនដុល្លារអាមេរិក រួមការចុះកិច្ចសន្យាការងារជាមួយក្រុមការងារក្នុងផលិតកម្ម TMS ផងដែរ ។

ក្រោយបញ្ចប់ការប្រកួត ទើបតារាស្រីរូបនេះទម្លាយថា នាងមានឈាមជ័រជាអ្នកសិល្បៈជាច្រើនជំនាន់ ពិសេសជីតារបស់នាង គឺជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ ជាអតីតអភិបាលរាជធានីភ្នំពេញ និងជាអ្នកនិពន្ធបទ ”ឱ!ភ្នំពេញអើយ!” លោក កែវ ចិន្តា នោះ ។

តារាស្រីរូបនេះទម្លាយថា តាមពិតនាងមានដុងសិល្បៈចាប់តាំងពីកុមារ ដែលរាប់ពីបងស្រីនាង គឺកញ្ញា Keli ក៏ជាតារាចម្រៀងប្រចាំផលិតកម្ម M ខណៈដែលឪពុកនាង គឺលោក រស់ តារា ដែលជាតន្ត្រីករ ជាអ្នកនិពន្ធបទភ្លេងដ៏ល្បីឈ្មោះ ពិសេសនាងមានជីតា គឺលោក កែវ ចិន្តា ដែលជាអ្នកនិពន្ធបទ ”ឱ!ភ្នំពេញអើយ” ជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ អតីតនាយកវិទ្យុជាតិ និងជាអតីត ចៅហ្វាយក្រុងភ្នំពេញផងដែរ។ នាងលើកឡើងថា អាចជាគ្រាប់ពូជ ឬឈាមជ័រជាអ្នកសិល្បៈព្រោះនាងកើតមកក្នុងត្រកូលអ្នកសិល្បៈ ហើយប្រឹងប្រែងទទួលយកនូវអ្វីល្អពីសង្គមគ្រួសារ និងទទួលបានការលើកទឹកចិត្ត ជំរុញជានិច្ចពីគ្រួសារក្នុងការងារសិល្បៈ ។

នាងបញ្ជាក់ដែរថា ក្រោយពីបញ្ចប់ការប្រកួតនាង ក៏ទទួលបានការងារថ្មីជាបន្តបន្ទាប់ពីផលិតកម្ម TMS និងឱកាសការងារជាច្រើនដែលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ នាងនឹងចេញទៅច្រៀងលើកដំបូងនៅលើទឹកដី នៃប្រទេសបារាំងផងដែរ។ រស់ កែវធីតា រំពឹងដែរថា តាមរយៈការខិតខំប្រឹងប្រែងរបស់នាង និងការជួយជំរុញលើកទឹកចិត្តពីមនុស្សជុំវិញខ្លួននោះនាងនឹងទទួលបានផ្លែផ្កាល្អពីការងារសិល្បៈ ហើយនាងសន្យាថា នឹងប្រឹងប្រែងអភិវឌ្ឍន៍ ច្នៃប្រឌិតកិច្ចការងារសិល្បៈ ដើម្បីបម្រើអារម្មណ៍មហាជន៕