ពិតជាឡូយមែន! កូនស្រី គង់ ច័ន្ទស្រីមុំ នាំលាភចូលផ្ទះ ត្រឹមអាយុ១ខែ

09-08-2018 4:57pm

ភ្នំពេញៈ ចាត់ទុកថា ជារឿងសំណាងមួយទៀតហើយ ដែលកូនស្រីតារាសម្តែងពូកែរកស៊ី គង់ ច័ន្ទស្រីមុំ ទើបតែឆ្លងទន្លេបានរយៈពេល១ខែ ស្រាប់តែត្រូវក្រុមហ៊ុនទឹកដោះគោដ៏ល្បីពេញនិយមសម្រាប់មាតា និងទារក សម្រេចយកជាតួសម្តែងក្នុងផលិតផលទឹកដោះគោជាផ្លូវការ។

មិនដឹងថា មានចំណុ​ចល្អបែបណានោះទេ ដែលខាងក្រុមហ៊ុនមួយនេះ ស្រាប់តែក្តាប់យកដំណក់ឈាមរបស់ គង់ ច័ន្ទស្រីមុំ មកធ្វើការផ្សព្វផ្សាយមុខជំនួញ។ ការបង្ហាញសញ្ញាវិជ្ជមានរំពឹងថា ទាំងកូនស្រីតូចក៏ដូចជាខាងម្ចាស់ផលិតផលពិតជាចំណេញដូចគ្នា នឹងកាន់តែមានការគាំទ្រពីអតិថិជនបន្តទៀត។

កូនស្រីអ្នក​នាង គង់ ច័ន្ទស្រីមុំ និង គីម សីហា ក្លាយជាអ្នកតំណាងផលិតផលម្សៅទឹកដោះគោនូទ្រីលេត ដែលគេដឹងថា តម្លៃ​ខ្លួនមិនក្រោមខ្ទង់ម៉ឺនដុល្លារនោះទេ។

គង់ ច័ន្ទស្រីមុំ បានបង្ហើបថា កូនស្រីរបស់នាង ដែលមានអាយុ ទើបតែមួយខែប៉ុណ្ណោះ ត្រូវបានក្រុមហ៊ុនផ្សេង ដែលចង់ផ្សព្វផ្សាយពីផលិតផលទារក បានទាក់ទងមកជាហូរហែ។ ប៉ុន្តែជំហានដំបូងនេះ នាងបានសម្រេចចិត្តថា នឹងឲ្យកូនស្រីរបស់នាង ក្លាយជាអ្នកតំណាងផលិតផល ម្សៅទឹកដោះគោនូទ្រីលេត ដែលនាងជឿជាក់ថា ទឹកដោះគោ ដែលមានគុណភាព ព្រោះនាងផ្ទាល់បានសាកល្បងប្រើប្រាស់នៃផលិតផល ម្សៅទឹកដោះគោ នូទ្រីម៉ាម និងក្លាយជាអ្នកតំណាងផងដែរ។

ទឹកដោះគោនូទ្រីលេតនេះ សម្រាប់ទារកដូច​កូនស្រីរបស់នាង ឃើញថា ការបន្ទោរបង់របស់ក្មេងទៀងទាត់ មិនរាគ មិនក្តៀន ហើយកូនស្រីនាង មានសុខភាពល្អ ទើបនាងសម្រេចចិត្តថា នឹងឲ្យកូនស្រីរបស់នាង ឈ្មោះ គីម សីហ៍មរកត ធ្វើអ្នកតំណាងរបស់ផលិតផលម្សៅទឹកដោះគោនូទ្រីលេត រយៈពេលមួយឆ្នាំ។

បើតាមប្រភពមួយបង្ហើបថា នាងតូច គីម សីហ៍មរកត អាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារ។ អ្នកម្តាយស្រីមុំ ថា រឿងតម្លៃសុំ​លាក់សិន ព្រោះនៅមានកុងត្រាផ្សេងជាមួយនឹងក្រុមហ៊ុន ដែលប្រើប្រាស់សម្ភារៈសម្រាប់ទារកផ្សេងៗទៀត។ ប៉ុន្តែអ្វីដែល គង់ ច័ន្ទស្រីមុំ អាចប្រាប់បាន នាងគ្រាន់តែប្រាប់ថា មិនក្រោមមួយម៉ឺនដុល្លារនោះទេ៕