ចាប់ខ្លួនបុរសម្នាក់ តាមអំណាចតុលាការ ពីបទរំលោភទំនុកចិត្ត

18-08-2018 10:30am

បាត់ដំបងៈ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានឃាត់ខ្លួនបុរសសម្នាក់ តាមដីការបស់តុលាការ ពីបទរំលោភទំនុកចិត្ត។

បុរសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ញ៉ែម ចន្ធា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងប្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង អនុវត្តដីកាបញ្ជអោយចូលខ្លួនលេខ១៣ អយក/១៨ ចុះថ្ងៃទី២៨ កុម្ភះ ២០១៨ របស់ព្រះរាជអាជ្ញា នួន សាន ចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំនុចស្រុកសំពៅលូន ខេត្តបាត់ដំបងកាលពីថ្ងៃទី២២ មករា ២០១៧។

ក្រោយអនុវត្តន៍បានបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕