ប្រឡងបើកឆាក សម្តែងទម្រង់សិល្បៈបុរាណ នៅសាលាមធ្យមវិចិត្រសិល្បៈ មានអ្នកចូលរួមលើកទឹកចិត្តច្រើន

09-08-2018 1:14pm

ភ្នំពេញៈ ជាមោទនភាពមួយផងដែរ សម្រាប់លោកគ្រូ-អ្នកគ្រូ និងសិស្សនិស្សិត ប្រចាំនៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ស្រាប់តែមើលឃើញថា សាធារណៈជនជាច្រើនមកទស្សនាចូលរួមលើកទឹកចិត្ត ការប្រកាសជាផ្លូវការ ការប្រឡងយកសញ្ញាបត្រទម្រង់សិល្បៈបុរាណច្រើនបែប។ នេះជាការប្រឡងធំមួយប្រចាំឆ្នាំ ដែលមានសិស្សប្រមាណ ជិត១០០នាក់ គ្រប់ទម្រង់ ។

នាឱកាសនោះ គេឃើញមានមហាជនសិស្សនិស្សិត មកចូលរួមពេញមុខវេទិកា ដោយឃើញមានសកម្មភាពប្រឡងច្រើនទម្រង់សិល្បៈ ហើយសិស្សដែលជាប់កិច្ចប្រឡងនីមួយៗ ផ្ចង់គំនិតប្រមូលអារម្មណ៍សម្តែងដោយបុកពោះគ្រប់គ្នាៗ ។

ការប្រឡង​​ឯក​ទេស​ជំនាញ​បញ្ចប់​សញ្ញាប័ត្រ​សិល្បៈ​ និង​ស្មាតកបត្រសិល្បៈ ​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ២០១៨ ព្រឹកមិញនេះ​ ដោយមាន​បេក្ខជន​ប្រឡង ​ជាង​១០០នាក់ ចូលរួមបញ្ចេញសមត្ថភាព។ ការ​ប្រឡង​សិស្ស​ទាំង​អស់​​ យក​របាំ​ប្រពៃណី​ខ្មែរ​មួយ​ចំនួនមក​​​បង្ហាញ ​មាន​ដូច​ជា របាំ​បុរាណ «ឈួយឆាយបួងសួង» ដែលមានរយៈពេល១២នាទី, របាំ​ប្រពៃណី​ «ល្បុក្កតោ» មានរយៈពេល១២នាទី, ល្ខោន​យីកេ «មា​យើង» មានរយៈពេល៣០នាទី, សៀក​ «មហិទ្ធិឫទ្ធិ​​​នាគ​រាជ» មានរយៈពេល១២នាទី, ល្ខោន​និយាយ ​«កំពង់ធំ​ជំរុំចិត្ត» មានរយៈពេល៧នាទី និង​ល្ខោន​បាសាក់​ «មរណមាតា» មានរយៈពេល៩០នាទី​ ។

ចំពោះសាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានបែកចែងជា៥ទម្រង់ មាន៖ តន្រ្ដីកូរ៉ាល់ ឬចម្រៀងជាពួក, របាំតន្ដ្រីប្រពៃណីបុរាណ, សូន្យរូប, ល្ខោន និងសៀក។ ចំពោះសិក្សានុសិស្ស ដែលបញ្ចប់ការសិក្សានៅទីនេះ គឺពួកគាត់អាចបន្តការសិក្សាបន្តនៅថ្នាក់ឧត្ដម ដែលមានទីតាំងនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយអាចទទួលបានសញ្ញាប័ត្រ ទៅតាមឯកទេសចំនេះជំនាញ ដែលសិស្សបានសិក្សា រួមទាំងមុខវិទ្យាទូទៅ នៅសាលាវិចិត្រសិល្បៈ ពោលគឺមានភាពដូចគ្នាទៅនឹងការរៀននៅតាមសកលវិទ្យាល័យ៕