បទអត្ថាធិប្បាយ ៖ ទំនាក់ទំនងកំពុងទាល់ច្រក រវាងមហាយក្សសេដ្ឋកិច្ចអាមេរិក-ចិន ខណៈសង្រ្គាមពាណិជ្ជកម្មកំពុងផ្ទុះឡើង

08-08-2018 2:21pm

បរទេសៈ កាលពីថ្ងៃអង្គារម្សិលមិញនេះ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញតារាងតម្លៃទំនិញនាំចេញពីចិន ក្នុងទំហំទឹកប្រាក់១៦ពាន់លានដុល្លារ ដែលពួកគេនឹងដំឡើងតម្លៃពន្ធ២៥ភាគរយ ។

ការបង្ហាញបែបនេះ បានក្លាយជាការឡើងកម្តៅចុងក្រោយគេ នៃសង្រ្គាមពាណិជ្ជកម្ម រវាងប្រទេសមហាយក្សសេដ្ឋកិច្ចទាំង២ របស់ពិភពលោក។ ការដំឡើងតម្លៃពន្ធទៅលើផលិតផល២៧៩មុខ ដែលរួមមានទាំង ទោចក្រយានយន្ត នាឡិការស្ទង់ល្បឿន និងអង់តែន នឹងចូលជាសុពលភាព នៅថ្ងៃទី២៣ ខែសីហា ខាងមុខនេះ ។

វាគឺជាលើកទី២ហើយ ដែលសហរដ្ឋអាមេរិក ប្រកាសដំឡើងតម្លៃពន្ធលើទំនិញនាំចូលរបស់ចិន ថ្វីត្បិតតែមានការព្រមានពីក្រុមអ្នកជំនាញអាមេរិកថា វានឹងធ្វើឲ្យតម្លៃទំនិញកើនឡើង សម្រាប់អ្នកប្រើប្រាស់ ។

រដ្ឋបាលរបស់លោក ត្រាំ បានចោទប្រកាន់ចិនថា ធ្វើមុខជំនួញមិនត្រឹមត្រូវ ហើយលោក ត្រាំ បានសន្យាជាយូរមកហើយថា នឹងកាត់បន្ថយឱនភាពពាណិជ្ជកម្មអាមេរិក លើទំនិញជាមួយទីក្រុងប៉េកាំង ។

កាលពីខែកក្កដា រដ្ឋបាលលោក ត្រាំ បានអនុម័តការដំឡើងតម្លៃពន្ធ២៥ភាគរយ លើការនាំចូលទំនិញចិន ក្នុងទំហំទឹកប្រាក់៣៤ពាន់លានដុល្លារ ។ ទីក្រុងប៉េកាំង បានចោទប្រកាន់ សហរដ្ឋអាមេរិកថា កំពុងគំរាមកំហែងធ្វើពាណិជ្ជកម្ម ហើយចិននិងបានសងសឹកដោយការដំឡើងតម្លៃពន្ធស្មើគ្នា ទៅលើទំនិញអាមេរិក ។

មកទល់នឹងពេលនេះ ទីផ្សារហិរញ្ញវត្ថុ បានក្រឡាប់ចាក់នៅជុំដំបូង នៃពន្ធគយពាណិជ្ជកម្ម ។

ការជជែកដេញដោលរវាងទីក្រុងវ៉ាស៊ីងតោន និងទីក្រុងប៉េកាំង ស្ថិតក្នុងស្ថានភាពទាល់ច្រក នៃជម្លោះពាណិជ្ជកម្មកំពុងបន្តកើតឡើង ដោយភាគីទាំង២ នៅតែបន្តគំរាមដំឡើងតម្លៃពន្ធថ្មី ។ កាលពីចុងសប្តាហ៍កន្លងទៅ លោក ត្រាំ បាននិយាយប្រាប់ក្រុមអ្នកគាំទ្រ អំឡុងការជួបជុំគ្នាមួយនៅឯរដ្ឋអូហាយយ៉ូ ថា អាមេរិកកំពុងមានប្រៀបលើចិន ដោយលោកបានអះអាងថា ការសម្រេចការងារពាណិជ្ជកម្ម គឺជា “រឿងរបស់ខ្ញុំ”។

កាលពីដើមខែនេះ លោកបានបញ្ជាទៅកាន់ការិយាល័យតំណាងពាណិជ្ជកម្ម ឲ្យពិចារណាលើការដំឡើងតម្លៃពន្ធ២៥ភាគរយ លើទំនិញចិន២០០ពាន់លានដុល្លារ បន្ថែមទៀត ដែលរួមមានទាំងផ្លែឈើ បន្លែ កាបូបដៃ និងទូរទឹកកក ។

ចិន បានគំរាមដូចគ្នា ថានឹងសងសឹកជាមួយនឹងការដំឡើងតម្លៃពន្ធទំនិញអាមេរិក បន្ថែមទៀត ។

រដ្ឋាភិបាលចិន បាននិយាយថា ពួកគេនឹងដំឡើងតម្លៃពន្ធគយឲ្យខ្ពស់ រហូតដល់២៥ភាគរយលើផលិតអាមេរិក ដូចជា សាច់ កាហ្វេ គ្រាប់ធុញ្ញជាតិ និងគ្រឿងបន្លាស់រថយន្ត ។

គណកម្មការពន្ធនៃក្រុមប្រឹក្សារដ្ឋចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសុក្រសប្តាហ៍មុនថា “ការបំពានលើមតិរួមទ្វេភាគី បានកើតមានឡើង បន្ទាប់ពីច្រើនជុំនៃកិច្ចចរចា ដែលសហរដ្ឋអាមេរិក បានធ្វើឲ្យជម្លោះពាណិជ្ជកម្មកើនឡើង ដោយឯកតោភាគីជាថ្មីម្តងទៀត”។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក និងចិន ធ្វើពាណិជ្ជកម្មលើទំនិញ និងសេវាកម្មស្មើនឹងតម្លៃ៦៥០ពាន់លានដុល្លារ សម្រាប់ឆ្នាំនីមួយៗ ពោលគឺជាទំនាក់ទំនងពាណិជ្ជកម្មធំជាងគេបំផុត នៅលើពិភពលោក រវាងប្រទេសទាំង២៕