សម្ដេច ហ៊ុន សែន ៖ បើខ្ញុំ លើកលែងទោសឲ្យមេដឹកនាំអតីត CNRP ខ្ញុំសុខចិត្តកាត់ដៃស្ដាំ គ្រវាត់ចោល

06-08-2018 1:22pm

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាង ដោយមិនបញ្ជាក់ចំឈ្មោះ ប៉ុន្តែគេអាចសន្និដ្ឋានបានថា សម្ដេចព្រមាន និងមិនលើកលែងទោសឲ្យលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) និងជាប្រធានចលនាសង្គ្រោះជាតិទេ ដោយសម្ដេចថ្លែង បើមានការលើកលែងទោសឲ្យទណ្ឌិតសម រង្ស៊ី សមេ្ដចសុខចិត្តកាត់ដៃស្ដាំគ្រវាត់ចោល។

ក្នុងពិធីជួបអត្ដពលិក និងកីឡាករ កីឡាករិនីជាង៧០នាក់ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “បើសិនជាខ្ញុំលើកលែងទោស ឲ្យអាចង្រៃយមួយហ្នឹង ខ្ញុំសុខ ចិត្តកាត់ដៃស្ដាំ របស់ខ្ញុំគ្រវាត់ចោល រឿងអាហ្នឹងមួយ គឺកុំសង្ឃឹម! ហើយបើចង់សង្ឃឹមត្រូវ មកចូលគុក នៅស្រុកខ្មែរសិន"។

ទន្ទឹមគ្នានេះសម្តេចតេជោ ក៏បានសរសើរលោក សម រង្ស៊ី ជាដៃគូប្រកួតមួយល្អផងដែរ ប៉ុន្តែសម្តេចថា លោក សម រង្ស៊ី គ្មានឱកាសបានចូលស្រុកនោះទេ។

សូមរំលឹកថា លោក សម រង្ស៊ី និងមន្ដ្រីCNRP មួយចំនួនទៀតកំពុងរត់ទៅក្រៅប្រទេស៕