យុទ្ធនាការ ប្រឆាំងការប្រើប្រាស់ថង់ប្លាស្ទិក នៅតាមផ្សារទំនើប ក្លាយជាបដិវត្តន៍សកល

03-08-2018 11:52am

បរទេសៈ ពេលដែលពលរដ្ឋខ្វាយខ្វល់មួយក្រុមតូច ចាប់ផ្តើមតវ៉ានឹងការវេចខ្ចប់ថង់ប្លាស្ទិក នៅតាមផ្សារទំនើប ពួកគេមិនបានដឹងនោះទេថា សកម្មភាពរបស់ពួកគេ នឹងនាំឲ្យកើតមានឡើងនូវបដិវត្តន៍សកល ។

កាលពីដើមឆ្នាំនេះ ក្រុមសកម្មជននៅចក្រភពអង់គ្លេស បានចាប់ផ្តើមរៀបចំ “ការវាយប្រហារថង់ប្លាស្ទិក” ជាកន្លែងដែលអតិថិជនមិនវេចខ្ចប់ការដើរផ្សាររបស់ពួកគេនៅផ្សារទំនើប ហើយនិងងាកមករកការវេចខ្ចប់ប្រើតែមួយនៅផ្សារធម្មតា ។

លោក អាឡេច ម័ស ដែលបានជួយរៀបចំព្រឹត្តិការណ៍ខ្លះក្នុងចំណោមព្រឹត្តិការណ៍ដំបូង បាននិយាយថា “យើងបានសម្រេចចិត្តថា វាដល់ពេលដែលត្រូវបង្ហាញផ្សារទំនើប ពីអ្វីដែលអ្នកដើរផ្សារព្រួយបារម្ភពីបរិមាណនៃការវេចខ្ចប់ថង់ប្លាស្ទិក លើចំណីអាហាររបស់ពួកគេ” ។

យោងតាមតួលេខពីគ្រឹះស្ថាន Ellen MacArthur Foundation បានឲ្យដឹងថា ជាមធ្យមមនុស្សម្នាក់ នៅអឺរ៉ុប បានបន្សល់កាកសំណល់ពីការវេចខ្ចប់ថង់ប្លាស្ទិក ចំនួន៣១គីឡូក្រាម ក្នុង១ឆ្នាំៗ។ ជាសកល មានត្រឹមតែ១៤ភាគរយ នៃការវេចខ្ចប់ថង់ប្លាស្ទិកប៉ុណ្ណោះ ត្រូវបានគេប្រមូលដើម្បីយកមកកែច្នៃឡើងវិញ ហើយជារៀងរាល់ឆ្នាំ កាកសំណល់ពីថង់ប្លាស្ទិក ជាង៨លានតោន បានហូរចូលទៅក្នុងមហាសមុទ្ររបស់ពិភពលោក ។

លោក ម័ស បាននិយាយថា បដិវត្តន៍ប្រឆាំងនឹងការវេចខ្ចប់ថង់ប្លាស្ទិក បានកើនឡើងយ៉ាងឆាប់រហ័ស ពេលដែលវីដេអូនៃការវាយប្រហារថង់ប្លាស្ទិកលើកដំបូង បានចាប់ផ្តើមចែករំលែកតាមព័ត៌មានសង្គម។ មិនយូរប៉ុន្មាន មនុស្សនៅជុំវិញពិភពលោក បានចាប់ផ្តើមទាក់ទងក្រុមរៀបចំព្រឹត្តិការណ៍នេះ ដើម្បីសួរនាំពីវិធីដែលពួកគេអាចតវ៉ានឹងការវេចខ្ចប់ថង់ប្លាស្ទិក ។

បច្ចុប្បន្ន មាននូវបដិវត្តន៍ប្រឆាំងនឹងការវេចខ្ចប់ថង់ប្លាស្ទិក ជាង១០០លើក នៅជុំវិញពិភពលោក ដែលភាគច្រើនធ្វើឡើងនៅអឺរ៉ុប ប៉ុន្តែបដិវត្តន៍នេះ បានកើតមានផងដែរ នៅហុងកុង កូរ៉េខាងត្បូង កាណាដា ប៉េរូ និងសហរដ្ឋអាមេរិក៕