ទារកអាយុទើបតែជាង១ខួប បាត់បង់ជីវិត ក្រោយឆ្លងជំងឺដ៏កាចសាហាវ ផ្ទុះឡើងនៅម៉ាឡេស៊ី

02-08-2018 6:33am

ម៉ាឡេស៊ីៈ ប្រទេសម៉ាឡេស៊ី មានករណីផ្ទុះជំងឺដ៏កាចសាហាវមួយ ដោយគេបញ្ជាក់ថា ជាករណីនៃអ្នកស្លាប់ដំបូងហើយសម្រាប់ម៉ាឡេស៊ី ដោយសារជំងឺដំបៅដៃ ជើង និងមាត់ ឬហៅកាត់ថា HFMD។ សារព័ត៌មាន Bernama បានចុះផ្សាយឲ្យដឹងកាលពីពេលថ្មីៗនេះ។

លោក Dr Lee Boon Chye អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ក្មេងប្រុសអាយុ១៧ខែ រស់នៅខេត្ត Penang មានអាការៈមិនស្រួលកាលពីថ្ងៃទី៦ ខែមិថុនា។ “ក្មេងប្រុសបានបញ្ជូនមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យឯកជនមួយកន្លែង នៅក្រុង Bayan Lepas កាលពីថ្ងៃទី៣ ខែមិថុនា បន្ទាប់ពីមានអាការៈផ្តាសាយ ពិបាកដកដង្ហើម និងមាត់មានដំបៅរលួយ ប៉ុន្តែដោយសារមានសភាពកាន់តែធ្ងន់ធ្ងរទៅៗ ក្រោយពីបានព្យាបាលអស់រយៈពេល៣ថ្ងៃ នៅឯមន្ទីរពេទ្យ ក៏បានបាត់បង់ជីវិតទៅ”។

ការធ្វើតេស្តបានបញ្ជាក់ថា ក្មេងប្រុសចេះដើរតេះតាស់បានស្លាប់ ដោយសារជំងឺសួត ដែលលទ្ធផលរកឃើញស្រដៀងគ្នា ដែលបង្កឡើងដោយវីរុសម្យ៉ាងឈ្មោះ Enterovirus 71 (EV71)  ដែលបង្កជំងឺ HFMD។

លោក Dr Lee បានថ្លែងថា គិតចាប់ពីខែមករា មាន៣៩,១៧៤ករណី នៃអ្នកកើតជំងឺ HFMD ដែលមាននៅក្នុងកំណត់ត្រានៅទូទាំងប្រទេសម៉ាឡេស៊ី។ គាត់បានថ្លែងថា មានចំនួន២.៨៩៤ករណី នៅខេត្ត Penang ដែលបានកើតឡើង១១៦ភាគរយ ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន៊ គាត់បានបន្ថែមថា ក្រសួងកំពុងតែខិតខំទប់ស្កាត់កុំឲ្យផ្ទុះជំងឺនេះតទៅទៀត៕