ថ្ងៃទន្ទឹងរង់ចាំ ៥ឆ្នាំបានមកដល់ ពលរដ្ឋចេញទៅបោះឆ្នោតជ្រើសតាំងតំណាស្ត្ររបស់ខ្លួន ប្រកបដោយទឹកមុខរីករាយ

29-07-2018 7:37am

ភ្នំពេញៈ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៨នេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរទន្ទឹងរង់ចាំ ៥ឆ្នាំនោះបានមកដល់ ហើយប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតជ្រើសតាំងតំណាស្ត្ររបស់ខ្លួនប្រកបដោយទឹកមុខរីរាយនៅតាមមណ្ឌល និងការិយាល័យរបស់ខ្លួន។

ការសម្រេចចិត្តលើជោគវាសនាជាតិ តាមរយៈបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដែលធ្វើឡើងជាទៀងទាត់រៀងរាល់៥ឆ្នាំម្តង ដែលបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបត្រូវបំពេញភារកិច្ចរបស់ខ្លួនជាប្រជាពលរដ្ឋ។ ហើយនេះជាលើកទី០៦ហើយ ដែលកម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចាប់តាំងពីរៀបចំបោះឆ្នោតលើកដំបូង ឆ្នាំ១៩៩៣មកម្លេះ។

នៅថ្ងៃអាទិត្យនេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានប្រុងប្រៀបខ្លួនរួចជាស្រេច ដើម្បីទៅបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋល្អម្នាក់ ដែលចូលរួមបោះឆ្នោតជ្រើសរើសតំណាងគណបក្សនយោបាយ ខ្លួនពេញចិត្ត ឱ្យដឹកនាំអភិវឌ្ឍប្រទេសកម្ពុជា រយៈពេល៥ឆ្នាំទៅមុខទៀត។

ពេលនេះម្ចាស់ឆ្នោតទាំងអស់ កាន់តែមានជម្រើសច្រើនជាងមុន ដោយសារការបោះឆ្នោតជាតិអាណត្តិនេះ មានគណបក្សនយោបាយចូលរួមរហូតដល់២០ ដើម្បីឱ្យពួកគាត់ជ្រើសរើស ដែលចំនួននេះបានកើនឡើងលើសច្រើនបើបៀបនឹងអាណត្តិទី៥ កាលពីឆ្នាំ២០១៣កន្លងមក ដែលមានត្រឹមតែ៨គណបក្សនប៉ុណ្ណោះចូលរួមប្រកួតប្រជែង។

ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ អាណត្តិ​ទី​៦នេះ មានពលរដ្ឋ​​មាន​សិទ្ធិ​ទៅ​បោះ​ឆ្នោត​ចំនួន​ ៨,៣៨០,២១៧​នាក់។ ជាមួយគ្នានេះ អាសនៈនៅអាណត្តិថ្មីនេះ មានចំនួនរហូតដល់១២៥ ដែលកើនឡើង ២អាសនៈថែមទៀត បើធៀបនឹងការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣។

បើតាម គ.ជ.ប ចំនួនអ្នកអង្កេតការណ៍សម្រាប់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិវិញ នៅក្នុងអាណត្តិនេះ មានរហូតដល់ជាង៩ម៉ឺននាក់ ត្រូវបាន គ.ជ.ប ទទួលស្គាល់ជាផ្លូវការ។ ក្នុងនោះអ្នកអង្កេតការណ៍អន្តរជាតិមានរហូតដល់ជាង៥០០នាក់ មកពីជាង៧០ស្ថាប័ន ជុំវិញពិភពលោក រួមមានដូចជា សហគមន៍អឺរ៉ុប អាមេរិក អាស៊ី អាស៊ាន អូស្រ្តាលី និងតំបន់មួយចំនួនទៀត ខណៈឆ្នាំ២០១៣ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៥ ​មានអ្នកសង្កេតការណ៍អន្តរជាតិត្រឹម២៤៣នាក់ប៉ុណ្ណោះ។

ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦ មានការិយាល័យ ២២,៩៦៧ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៨,៣៨០,២១៧នាក់ ។ ការបោះឆ្នោតអាណត្តិទី៦ មានគណបក្សនយោបាយ ២០ចូលរួមប្រកួតប្រជែងដែលរួមមាន៖

១៖ គណបក្ស ខ្មែររួបរួមជាតិ

២៖ គណបក្ស មាតុភូមិយើង

៣៖ គណបក្ស ពន្លឺថ្មី

៤៖ គណបក្ស សញ្ជាតិកម្ពុជា

៥៖ គណបក្ស ខ្មែរក្រោក

៦៖ គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

៧៖ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន

៨៖ គណបក្ស សាធារណៈរដ្ឋប្រជាធិបតេយ្យ

៩៖ គណបក្ស រស្មីខេមរា

១០៖ គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

១១៖ គណបក្ស ខ្មែរសាធារណៈរដ្ឋ

១២៖ គណបក្ស ខ្មែរឈប់ក្រ

១៣៖ គណបក្សហ្វ៊ុនស៊ិនប៉ិច

១៤៖ គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច

១៥៖ គណបក្ស យុវជនកម្ពុជា

១៦៖ គណបក្ស ធម្មាធិបតេយ្យ

១៧៖ គណបក្ស ឆន្ទៈខ្មែរ

១៨៖ គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា

១៩៖ គណបក្ស ខ្មែរតែមួយ

២០៖ គណបក្ស ប្រជាជនកម្ពុជា។

ចំពោះចំនួនអាសននៅតាមមណ្ឌលបោះឆ្នោតទាំង២៥រាជធានី-ខេត្ត៖

  • មណ្ឌលរាជធានីភ្នំពេញ មាន១២អាសនៈ
  • មណ្ឌលខេត្តបន្ទាយមានជ័យ មាន ៦អាសនៈ
  • មណ្ឌលខេត្តបាត់ដំបង មាន ៨អាសនៈ
  • មណ្ឌលខេត្តកំពង់ចាម មាន ១០អាសនៈ
  • មណ្ឌលខេត្តកំពង់ឆ្នាំង មាន ៤អាសនៈ
  • មណ្ឌលខេត្តកំពង់ស្ពឺ មាន ៦អាសនៈ
  • មណ្ឌលខេត្តកំពង់ធំ មាន ៦អាសនៈ
  • មណ្ឌលខេត្តកំពត មាន ៦អាសនៈ
  • មណ្ឌលខេត្តកណ្តាល មាន ១១អាសនៈ
  • មណ្ឌលខេត្តកោះកុង មាន ១អាសនៈ
  • មណ្ឌលខេត្តក្រចេះ មាន ៣អាសនៈ
  • មណ្ឌលខេត្តមណ្ឌលគិរី មាន ១អាសនៈ
  • មណ្ឌលខេត្តព្រះវិហារ មាន ១អាសនៈ
  • មណ្ឌលខេត្តព្រៃវែង មាន ១១អាសនៈ
  • មណ្ឌលខេត្តពោធិ៍សាត់ មាន ៤អាសនៈ
  • មណ្ឌលខេត្តរតនគិរី មាន ១អាសនៈ
  • មណ្ឌលខេត្តសៀមរាប មាន ៦អាសនៈ
  • មណ្ឌលខេត្តព្រះសីហនុ មាន ៣អាសនៈ
  • មណ្ឌលខេត្តស្ទឹងត្រែង មាន ១អាសនៈ
  • មណ្ឌលខេត្តស្វាយរៀង មាន ៥អាសនៈ
  • មណ្ឌលខេត្តតាកែវ មាន ៨អាសនៈ
  • មណ្ឌលខេត្តកែប មាន ១អាសនៈ
  • មណ្ឌលខេត្តប៉ៃលិន មាន ១អាសនៈ
  • មណ្ឌលខេត្តឧត្តរមានជ័យ មាន ១អាសនៈ
  • មណ្ឌលខេត្តត្បូងឃ្មុំ មាន ៨អាសនៈ៕