ព្រះខ័នរាជស្វាយរៀង, បឹងកេត, ភ្នំពេញក្រោន, ណាហ្គាវើល, និងទ័ព រកបានជ័យជម្នះក្នុងជើងទី១ ពានសម្តេចតេជោ ដូចគ្នា

11-07-2018 10:02pm

បាល់ទាត់ៈ ក្រុម​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង, បឹងកេត, ​ភ្នំពេញក្រោន,​ ណាហ្គាវើល, ក្រសួងការពារជាតិ (​ទ័ព) រក​បាន​ជ័យជម្នះ​​ក្នុង​ជើង​ទី១ដូចគ្នា ​ក្នុង​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លើកទី១២ (Hun Sen Cup) ​វគ្គ​១៦ក្រុម​ចុងក្រោយ​​ជម្រុះ​ថ្នាក់​ជាតិ ឆ្នាំ២០១៨ ​​​នៅ​ល្ងាច​ថ្ងៃ​ពុធ ទី១១ ខែ​កក្កដា ឆ្នាំ​២០១៨ សប្ដាហ៍​នេះ។

ជា​លទ្ធផល​ក្រុម​ព្រះខ័នរាជ​ស្វាយរៀងឈ្នះ​ក្រុម​​ក្រុម​វិសាខា ១ទល់០ លើ​ទីលានកីឡដ្ឋាន​ខេត្ត​ស្វាយរៀង ហើយក្រុម​សូលទីឡូអង្គរ ស្មើ​គ្នា​ជាមួយ​ក្រុម​អង្គរថាយហ្គឺរ ២ទល់២ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​សៀមរាប ហើយ​ក្រុម​អគ្គិសនីកម្ពុជា ចាញ់​​ក្រុម​ភ្នំពេញក្រោន ២ទល់១ លើ​ទីលាន​កីឡដ្ឋាន​អគ្គិសនីកម្ពុជា ខណៈ​ក្រុម​ក្រុម​ណាហ្គាវើល ឈ្នះ​​ក្រុម​កំពត ៥ទល់១ លើ​ទីលាន​កីឡដ្ឋាន​ស្តាត​ចាស់ ស្រប​ពេល​ក្រសួងការពារជាតិ ឈ្នះ​ក្រុម​​អាស៊ីអឺរ៉ុប ៣ទល់១ នៅ​ទីលាន​ជាមួយ​គ្នា​ហើយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ស្មើ​គ្នា​ជាមួយ​​ក្រុម​គីរីវង់អែហ្វស៊ី ២ទល់២ ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​និង​ក្រុម​វេស្ទើនភ្នំពេញ ចាញ់​ក្រុម​បឹងកេត ៥ទល់១ លើ​ទីលាន​កីឡដ្ឋាន​វេស្ទើន។

វគ្គ​១៦ក្រុម​ចុងក្រោយ​​នេះ មាន​​១ប្រកួត​ទៀត ​គឺ​ជំនួប​រវាង​ក្រុម​ខេត្ត​កោះកុង ប៉ះ​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិបាទី ត្រូវ​បាន​​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) សម្រេច​លើក​ពេល​ប្រកួត​ដោយ​ហេតុផល​សមាជិក​ភាគ​ច្រើន​របស់​ក្រុម​យុវជនសាលា​បាល់ទាត់ជាតិ​បាទី ជាប់​ប្រឡង។ ដូច្នេះ​ជំនួប​រវាង​ក្រុម​ទាំង​២​ជើង​ទី១ ធ្វើឡើង​នៅ​ថ្ងៃ​ទី​២២ ខែកក្កដា និង​ជើង​ទី​២​ ប្តូរ​ទៅ​ធ្វើ​នៅ​បាទីវិញ ​នៅ​ថ្ងៃទី២៨ ខែកក្កដា។ ចំណែក​៧គូ​ផ្សេង​ទៀត ក្រោយ​ប្រកួត​ចប់​ជើង​ទី១ នៅ​ថ្ងៃ​​ពុធ ទី​១១ ខែកក្កដា នេះ​ត្រូវ​បន្ត​ប៉ះ​គ្នា​​ជើង​ទី២ នៅ​ថ្ងៃ​ទី​​១៨ ខែកក្កដា ខាង​មុខ។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់ CNCC ​​ពានរង្វាន់​​សម្តេច​តេជោ ឆ្នាំ​នេះ​​នឹង​រៀបចំ​ចំនួន​២វគ្គ​ដោយ​វគ្គ​ទី១ ហៅ​ថា​វគ្គ​ជម្រុះ​ថ្នាក់ខេត្ត និង​វគ្គ​ទី២​ហៅ​ថា ​វគ្គ​ជម្រុះ​ថ្នាក់ជាតិ ដែល​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​៧ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​៦ ​ខែ​តុលា ឆ្នាំ​២០១៨៕