លោកឧកញ៉ា អូស្មាន ហាសាន់ ក្រើនរំឭកដល់ប្រជាពលរដ្ឋ សូមកុំជឿតាមការញុះញង់ បំបែកបំបាក់ពីជនអគតិ

11-07-2018 8:27pm

ត្បូងឃ្មុំៈ មកដល់ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ យុទ្ធនាការសំណេះសំណាលឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជន របស់គណៈចលនាសាសនិកអ៊ិស្លាមគណបក្សប្រជាជនកម្ពុជា បានបន្តមកដល់ស្រុកពញាក្រែក និង ស្រុកត្បូងឃ្មុំហើយ។

យុទ្ធនាការឃោសនានេះ ដឹកនាំដោយ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកអ៊ិស្លាម  ដែលបានចុះជួបសកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជន យុវជន លោកគ្រូ អ្នកគ្រូ ជាង ៣.៩០០នាក់ នៅឃុំចំនួន៣ គឺឃុំពពេល ស្រុកក្រូចឆ្មារ និងឃុំគរ ព្រមទាំងឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ។

លោកឧកញ៉ា អូស្មាន ហាសាន់ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូមកុំជឿតាមការញុះញង់ បំបែកបំបាក់របស់ជនអគតិមួយក្តាប់តូច ដែលមានចេតនាបំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាពនៅកម្ពុជា និងបានអំពាវនាវឲ្យពលរដ្ឋ ឲ្យទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ដើម្បីបន្តបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្រ្តី និងនៅជាម្លប់កក់ក្តៅដល់ជាបន្តបន្ទាប់។

លោកបន្តថា មានតែគណបក្ស ប្រជាជនកម្ពុជាមួយគត់ ដែលមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ ពិសេសសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសាងគុណបំណាច់គ្រប់បែបយ៉ាង តាមរយៈបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ព្រមទាំងបានកសាង អភិវឌ្ឍន៍ រួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ កសាងការពារសន្តិភាព ជូនប្រជាជាតិ៕