បញ្ជូនជនសង្ស័យ១៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ទៅតុលាការ!

11-07-2018 7:02pm

ភ្នំពេញៈ មន្ត្រីជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ បានបញ្ជូនជនសង្ស័យ១៤នាក់ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យទាំងនេះ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌ និងកម្លាំងការិយាល័យស្រាវជ្រាវគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានជាបន្តបន្ទាប់ពាក់ព័ន្ធករណីចរាចរ និងប្រើប្រាស់គ្រឿងញៀន។

ជនសង្ស័យទាំង១៤នាក់ ទី១.ឈ្មោះ អ៊ុក វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវបានឃាត់ខ្លួនរួមជាមួយថ្នាំញៀន ប្រភេទក្រាមពណ៌សថ្លា១កញ្ចប់ នៅចំណុចសំណង់ អូឡាំព្យា ស្តាតអូឡាំពិក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាម៉ោង៤ និង៣០នាទី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។

ចំណែកទី២.ឈ្មោះ មាស ប៊ុណ្ណារ៉ា ហៅម៉ូម ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវបានឃាត់ខ្លួន រួមជាមួយថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន៤កញ្ចប់ នៅចំណុចផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។

ជនសង្ស័យទី៣.ឈ្មោះ ជោក សំណាងដេវីត ភេទប្រុស អាយុ១៨ឆ្នាំ និងទី៤.ឈ្មោះ ចាន់ ហ៊ីង ភេទប្រុស អាយុ៥៧ឆ្នាំ ត្រូវបានឃាត់ខ្លួន រួមជាមួយថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា១កញ្ចប់ និងប្រភេទម្សៅពណ៌ប្រផេះ ចំនួន៣កញ្ចប់ នៅចំណុចផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨។

រីឯជនសង្ស័យទី៥.ឈ្មោះ ធី តន ភេទប្រុស អាយុ២១ឆ្នាំ, ទី៦.ឈ្មោះ ជា ពេញ ភេទប្រុស អាយុ២៧ឆ្នាំ, ទី៧.ឈ្មោះ ខន សុខឃឿន ភេទប្រុស អាយុ១៩ឆ្នាំ, ទី៨.ឈ្មោះ សន ពិសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ, ទី៩.ឈ្មោះ ណយ វណ្ណា ហៅវិន ភេទប្រុស អាយុ៣០ឆ្នាំ, ទី១០.ឈ្មោះ ហ៊ីន សុវណ្ណា ហៅចូច ភេទប្រុស អាយុ២៥ឆ្នាំ, ទី១១.ឈ្មោះ សួស សុធី ហៅសាយ័ន ភេទប្រុស អាយុ៥៩ឆ្នាំ, ទី១២.ឈ្មោះ វ៉ាន់ ផ្លយ ភេទប្រុស អាយុ២៥ឆ្នាំ, ទី១៣.ឈ្មោះ ដឹក ឆៃឌី ភេទប្រុស អាយុ១៨ឆ្នាំ និងទី១៤.ឈ្មោះ ផាត់ វាសនា ហៅស្នា ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ស្រាវជ្រាវបង្ក្រាបបានព្រមគ្នា រួមជាមួយថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន៧កញ្ចប់ នៅចំណុចផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០ និង៤៨នាទី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨។

ក្រោយពេលស៊ើបអង្កេតតាមវិធានការជំនាញ ជនសង្ស័យទាំង១៤នាក់ បានសារភាពទទួលកំហុស តាមការចោទប្រកាន់ពីបទព្រហ្មទណ្ឌ និងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕