ក្រុមកីឡាករបាល់ទាត់ សង្គ្រោះបានពីរូងភ្នំថៃ ត្រូវ FIFA អញ្ជើញឲ្យចូលរួមទស្សនាវគ្គផ្ដាច់ព្រ័ត្រ World Cup

11-07-2018 3:49pm

World Cup: ក្រុមកីឡាករយុវជនថៃទាំង១២នាក់ ដែលបានចាក់ដោតបេះដូងទស្សនិកជននៅលើពិភពលោក តាមរយៈការជួយសង្រ្គោះពួកគេដ៏គួរឲ្យភ្ញាក់ផ្អើលចេញពីរូងភ្នំ នៅភាគខាងជើងប្រទេសថៃនោះ បាត់បង់ឱកាសមាសរបស់ខ្លួន ក្នុងការចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅថ្ងៃអាទិត្យខាងមុខនេះ។

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានផ្តល់ឱកាសឲ្យក្រុមកីឡាករវ័យក្មេងទាំងនេះ ចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលនឹងរៀបចំឡើងនៅក្នុងពហុកីឡដ្ឋាន Luzhniki របស់ទីក្រុងមូស្កូ រវាងក្រុមជម្រើសជាតិបារាំង និងក្រុមឈ្នះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទី២ នាថ្ងៃពុធនេះ រវាងក្រុមជម្រើសជាតិក្រូអាត និងក្រុមជម្រើសជាតិអង់គ្លេស។

ទោះបីជាយ៉ាងក៏ដោយ បន្ទាប់ពីទុក្ខវេទនាដ៏អាក្រក់របស់ពួកគេរួចមក ក្រុមកីឡាករយុវជនមកពីក្លិបបាល់ទាត់ Wild Boars នៅជិតខេត្តឈៀងរ៉ៃ ត្រូវបានគេណែនាំឲ្យបន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យយ៉ាងហោចណាស់ក៏រយៈពេល៧ថ្ងៃទៀត ដើម្បីតាមដានស្ថានភាពសុខភាពរបស់ពួកគេ។

FIFA បាននិយាយថា “យើងត្រូវបានជូនដំណឹងមកវិញ ដោយសមាគមបាល់ទាត់ថៃថា ពាក់ព័ន្ធនឹងហេតុផលសុខភាព ក្មេងប្រុសទាំងអស់នេះ នឹងមិនអាចធ្វើដំណើរទៅកាន់ទីក្រុងមូស្កូ ដើម្បីចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នោះទេ”៕