ស្ពេស្យលឡាំពិក គ្រោងបើកការប្រកួតជម្រុះរកកីឡាករបាល់ទាត់បញ្ញាខ្សោយ៨រូប ចូលរួមប្រជែងក្នុងពានរង្វាន់អនុទន្លេមេគង្គ

11-07-2018 3:40pm

ភ្នំពេញៈ គណៈកម្មាធិការកីឡាស្ពេស្យលឡាំពិកកម្ពុជា គ្រោងបើកការប្រកួតជម្រុះរកកីឡាករបាល់ទាត់ជ្រើសកីឡាករបញ្ញាខ្សោយ៨រូប ហ្វឹកហាត់ត្រៀមការប្រកួតបាល់ទាត់ពានរង្វាន់អនុតំបន់ទន្លេមេគង្គ នៅប្រទេសវៀតណាម ។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការកីឡាស្ពេស្យលអូឡាំពិកកម្ពុជា បានឲ្យដឹង នាល្ងាចថ្ងៃទី១០ ខែកក្កដាម្សិលមិញនេះថា គណៈកម្មាធិការកីឡាស្ពេស្យលឡាំពិកកម្ពុជា គ្រោងនឹងរៀបចំប្រកួតជម្រុះជ្រើសរើសកីឡាករបញ្ញាខ្សោយ ចំនួន៨រូប ពីសមាគមនឬអង្គការនៅក្នុងប្រទេសកម្ពុជា នាអំឡុងខែកញ្ញា ដើម្បីហ្វឹកហាត់ត្រៀមចូលរួមប្រជែងដណ្តើមមេដាយ ពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់អនុតំបន់ទន្លេមេគង្គ លើកទី៨ ដែលធ្វើឡើងនៅប្រទេសវៀតណាម នាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ។

លោកបានអះអាងថា ការប្រកួតជម្រុះខាងលើនេះ បានបើកឱកាសឲ្យគ្រប់សមាគមន ឬអង្គការទាំងអស់នៅប្រទេសកម្ពុជា នាំយកអត្តពលិកមកចូលរួមប្រកួតប្រជែង ប៉ុន្តែគណៈកម្មាការបច្ចេកទេសសម្រេចជ្រើសរើសតែ៨រូបប៉ុណ្ណោះ ពោលគឺរើសតែកីឡាករដែលមានសមត្ថភាព យកទៅប៉នបន្ថែមមុនចូលរួមព្រឹត្តិការណ៍ប្រកួត ។ លោក អគ្គលេខាធិការ បានបន្ថែមថា កីឡាករ៨រូប ដែលគណៈកម្មាធិការកីឡាស្ពេស្យលឡាំពិកជ្រើសរើសក្រោយពីការប្រកួតជម្រុះនេះ គឺយកអាយុ១៦ ដល់២១ឆ្នាំប៉ុណ្ណោះ ។

លោក បញ្ជាក់ទៀតថា សម្រាប់ការចូលរួមព្រឹត្តិការណ៍ខាងលើនេះ លោកមានរំពឹងទទួលបានត្រឹមចំណាត់ថ្នាក់លេខ២ប៉ុណ្ណោះ ដ្បិតប្រទេសថៃ និងប្រជែងបានចំណាត់ថ្នាក់លេខ១ ខណៈដែលក្រុមកម្ពុជាប្រឈមខ្វះទីលានហ្វឹកហាត់ ដែលជាឧបស្គរារាំងកម្ពុជាមិនអាចប្រជែងបានតំណែងជើងឯកពានរង្វាន់មួយនេះ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់អនុតំបន់ទន្លេមេគង្គ លើកទី៨ មានប្រទេសចូលរួមចំនួន៥ ក្នុងនោះថៃ ឡាវ កម្ពុជា មីយ៉ាន់ម៉ា និងប្រទេសវៀតណាមម្ចាស់ផ្ទះ ។

គួររំលឹកថា ពានរង្វាន់មួយនេះ កម្ពុជាធ្លាប់ប្រជែងបានមេដាយមាសមួយលើក ក្នុងឆ្នាំ២០១០  និងប្រាក់ ចំនួន៤លើកផងដែរ៕