ចិន ភ្ញាក់ផ្អើលនឹងវិធានការដំឡើង តម្លៃពន្ធរបស់អាមេរិក ក្នុងសង្រ្គាមពាណិជ្ជកម្ម

11-07-2018 2:24pm

ក្រុងប៉េកាំងៈ ចិនបាននិយាយថា ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយសហរដ្ឋអាមេរិកប្រកាសគម្រោងសម្រាប់ការដំឡើងតម្លៃពន្ធបន្ថែមទៀត ជាហេតុធ្វើសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំង២ កាន់តែឡើងកម្តៅយ៉ាងខ្លាំងនោះ។

សហរដ្ឋអាមេរិក បានធ្វើតារាងរាយឈ្មោះទំនិញចិន ត្រូវដំណើងតម្លៃពន្ធ២០០ពាន់លានដុល្លារ ដែលពួកគេគ្រោងអនុម័តយ៉ាងយូរត្រឹមចុងខែសីហា ឬដើមខែកញ្ញាខាងមុខនេះ។

វិធានការមួយនេះ បានកើតមានឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយប្រទេសទាំង២ បានអនុម័តលើការដំឡើងតម្លៃពន្ធសងសឹកគ្នាក្នុងទំហំទឹកប្រាក់៣៤ពាន់លានដុល្លារដូចៗគ្នា។

ទីក្រុងប៉េកាំង បានចាត់ទុកការគំរាមកំហែងចុងក្រោយរបស់ទីក្រុងវ៉ាស៊ីងតោនថា “ ពិតជាមិនអាចទទួលបានទាំងស្រុង” ហើយពួកគេអះអាងថា វានឹងធ្វើឲ្យប៉ះពាល់ដល់ពិភពលោក។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ ទង្វើរបស់សហរដ្ឋអាមេរិក កំពុងធ្វើឲ្យចិនឈឺចាប់ កំពុងធ្វើឲ្យពិភពលោកឈឺចាប់ និងកំពុងធ្វើឲ្យខ្លួនឯងឈឺចាប់ដូចគ្នា”។

អ្នកនាំពាក្យម្នាក់នេះ បានបន្តទៀតថា រដ្ឋាភិបាលចិន ចាំបាច់ត្រូវតែចាត់វិធានការតបត។

សូមបញ្ជាក់ថា តារាងរាយឈ្មោះនេះ មានទំនិញចិនរហូតដល់ទៅជាង៦.០០០មុខ ដែលរួមទាំងផលិតផលចំណីអាហារ សារធាតុរ៉ៃ និងផលិតអ្នកប្រើប្រាស់ដូចជាកាបូប ជាដើម។

សាធារណជននៅមានពេលរហូតដល់ដំណាច់ខែសីហា ដើម្បីផ្តល់សេចក្តីអធិប្បាយលើតារាងរាយឈ្មោះទំនិញមួយនេះ មុនពេលដែលការដំឡើងតម្លៃពន្ធថ្មីចំនួន១០ភាគរយ ចូលជាសុពលភាព។

នៅថ្ងៃពុធនេះដែរ ផ្សារភាគហ៊ុនអាស៊ី បានដាំក្បាលចុះភ្លាមៗផងដែរ ស្របពេលដែលក្រុមអ្នកវិនិយោគជន ចង់បញ្ចៀសផុតពីហានិភ័យ ស្របពេលដែលភាពតានតឹងផ្នែកពាណិជ្ជកម្មកើនឡើងរវាងប្រទេសមហាយក្សសេដ្ឋកិច្ចទាំង២៕